(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញជំហរគាំទ្រដល់ប្រទេសជប៉ុន ក្នុងការក្លាយជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNSC។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តីជប៉ុន បានបង្ហើបពីដំណឹងខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយជំនួបជាមួយលោក បៃដិន នៅទីក្រុងតូក្យូ ដើម្បីជជែកពីសម្ព័ន្ធភាពជប៉ុន-អាមេរិក និងមធ្យោបាយដើម្បីពង្រឹងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៅលើឆាកអន្តរជាតិ។

លោក Kishida បានថ្លែងដូច្នេះថា «វាជារឿងចាំបាច់ក្នុងការធ្វើកំណែទម្រង់ និងពង្រឹងអង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខផងដែរ ដែលមានការទទួលខុសត្រូវយ៉ាងសំខាន់ សម្រាប់សន្តិភាពនិងស្ថិរភាព របស់សហគមន៍អន្តរជាតិ»។ បើតាមលោក Kishida លោក បៃដិន បានអះអាងថា សហរដ្ឋអាមេរិកនឹងគាំទ្រឱ្យជប៉ុន ក្លាយជាសមាជិកអចិន្ត្រៃយ៍នៃ UNSC ដែលត្រូវបានធ្វើកំណែទម្រង់។

គួរបញ្ជាក់ថា UNSC មានឥទ្ធិពលយ៉ាងធំ នៅក្នុងអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្តិសុខ អាចផ្តល់ការសម្រេចលើសមាជិកថ្មីរបស់ UN និងធ្វើការកែប្រែណាមួយ ចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ UNSC ក៏អាចអនុម័តបេសកកម្មរក្សាសន្តិភាព, សកម្មភាពយោធា និងការដាក់ទណ្ឌកម្មផងដែរ។

សព្វថ្ងៃ UNSC មានសមាជិកសរុបទាំងអស់ចំនួន១៥ ក្នុងនោះ ៥ជាសមាជិកអចិន្រ្តៃយ៍ រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស ដែលមានសិទ្ធិវេតូប្រឆាំងនឹងសេចក្តីសម្រេច ឬដំណោះស្រាយណាមួយ របស់ UNSC បាន៕