(ស៉ីដនី)៖ មេដឹកនាំគណបក្សការងារ Labor party របស់អូស្ត្រាលី គឺលោក អាន់តូនី អាល់បានីស (Anthony Albanese) បានប្រកាសពីជ័យជម្នះនៅក្នុង ការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានទទួលស្គាល់ថា សម្ព័ន្ធគណបក្សអភិរក្សនិយម Liberal-National Coalition របស់លោក បរាជ័យក្នុងការបោះឆ្នោតសកលនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ លោក អាន់តូនី អាល់បានីស បានបញ្ជាក់ដូច្នេះថា «ប្រជាជនអូស្ត្រាលីបានបោះឆ្នោតដើម្បីការផ្លាស់ប្ដូរ ហើយខ្ញុំពិតជាមាន កិត្តិយសណាស់ដោយសារជ័យជម្នះមួយនេះ»។ បន្ថែមពីលើនេះ លោក អាល់បានីស ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី ក៏បានសន្យាដែរថា លោកនឹងស្វែងរកឯកភាពជូនជាតិ។

គួរបញ្ជាក់ថា ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្តធ្វើឡើងនៅឡើយ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានឱ្យដឹងថា គណបក្ស Labor ទទួលបានអាសនៈ ចំនួន៧២ ហើយគណបក្សរបស់លោក Morrison នឹងទទួលបានត្រឹម ៥២អាសនៈប៉ុណ្ណោះ។ ដើម្បីអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបាន គណបក្ស Labor ត្រូវការអាសនៈចំនួន៧៦ ក្នុងចំណោមអាសនៈសរុបទាំង១៥១ នៅរដ្ឋសភា។

គួរបញ្ជាក់ថា ជ័យជម្នះរបស់គណបក្ស Labor បានបិទបញ្ចប់រយៈពេលគ្រប់គ្រងអំណាចប្រមាណ៩ឆ្នាំជាប់គ្នា របស់សម្ព័ន្ធគណបក្ស Liberal-National Coalition ខណៈលើកចុងក្រោយបំផុត ដែលគណបក្ស Labor ឈ្នះបានសំឡេងភាគច្រើន គឺកាលពីឆ្នាំ២០០៧៕