(កង់បេរ៉ា)៖ មណ្ឌលបោះឆ្នោត ត្រូវបានបើកនៅទូទាំងប្រទេសអូស្រ្តាលី នាថ្ងៃសៅរ៍នេះ ដើម្បីឱ្យប្រជាជនអូស្រ្តាលីសម្រេចថាតើ រដ្ឋាភិបាលអភិរក្សនិយមរបស់នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺ លោក ស្កុត ម៉ូរីសុន (Scott Morrison) អាចបន្តដឹកនាំប្រទេស សម្រាប់រយៈពេល៣ឆ្នាំទៀត ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

ការស្ទង់មតិបានបង្ហាញថា គណបក្សប្រឆាំង Labor ដែលសព្វថ្ងៃដឹកនាំដោយលោក អាន់តូនី អាល់បានីស (Anthony Albanese) ទំនងជានឹងទទួលជ័យជម្នះជាលើកដំបូងវិញ គិតចាប់តាំងពីឆ្នាំ២០០៧ មក។ ប៉ុន្តែកាលពីឆ្នាំ២០១៩ ដោយផ្ទុយពីលទ្ធផលនៃការស្ទង់មតិ លោក Morrison បានដឹកនាំគណបក្សចម្រុះ Liberal–National Coalition របស់លោក ឱ្យទទួលជ័យជម្នះ។

គួរបញ្ជាក់ថា ប្រជាជនអូស្រ្តាលីចំនួនខ្ទង់១៧លាននាក់ ត្រូវគេរំពឹងថា នឹងបោះឆ្នោតក្នុងអាណត្តិនេះ ដើម្បីជ្រើសរើសសមាជិក សម្រាប់អាសនៈទាំងអស់ នៅក្នុងរដ្ឋសភា និងសម្រាប់អាសនៈជាងពាក់កណ្តាលនៅព្រឹទ្ធសភា។ គណបក្ស Labor និងគណបក្ស Liberal–National Coalition ចាំបាច់ត្រូវការអាសនៈយ៉ាងហោច៧៦ ក្នុងចំណោមអាសនៈសរុបទាំង១៥១ នៅរដ្ឋសភា ដើម្បីអាចបង្កើត រដ្ឋាភិបាលដោយសំឡេងភាគច្រើនបាន។ ដោយឡែក បើមិនអាចធ្វើយ៉ាងដូច្នោះទេនោះ ពួកគេត្រូវព្យាយាមស្វែងរកការគាំទ្រពី សមាជិកសភាឯករាជ្យ ឬមួយក៏សមាជិកសភា មកពីគណបក្សតូចៗ៕