(មូស្គូ)៖ ទីបំផុតរុស្ស៉ីបានប្រកាសជ័យជម្នះទាំងស្រុងលើ រោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីក្រុមចុងក្រោយ នៃអ្នកប្រយុទ្ធរបស់អ៊ុយក្រែន បានទម្លាក់អាវុធចុះចាញ់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

រយៈពេលប៉ុន្មានខែមកនេះ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន បានសំងំនៅក្នុងរោងចក្រ Azovstal ដែលជាហេតុធ្វើឱ្យរុស្ស៉ី មិនអាចបង្កើត ការគ្រប់គ្រងទាំងស្រុងលើទីក្រុង Mariupol បាន ទោះបីជាទីក្រុងភាគខាងត្បូងមួយនេះ ត្រូវកងទ័ពរុស្ស៉ីកាន់កាប់សឹងទាំងអស់ក៏ដោយ។

យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកប្រយុទ្ធទាំងនោះ បានចាប់ផ្តើមទម្លាក់អាវុធចុះចាញ់រុស្ស៉ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា លោកបានអនុញ្ញាតឱ្យពួកគេ បិទបញ្ចប់បេសកកម្មការពាររោងចក្រ Azovstal។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ទីក្រុង Mariupol ហើយនិងរោងចក្រដែកថែប Azovstal ត្រូវ «រំដោះបានទាំងស្រុង» បន្ទាប់ពី ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនចំនួន ៥៣១នាក់ ចុងក្រោយ បានទម្លាក់អាវុធចុះចាញ់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ បើតាមលោក ហ្សេលេនស្គី ក្រុមអ្នកប្រយុទ្ធចុងក្រោយ ទទួលបានការអនុញ្ញាតពីរូបលោក ក្នុងការចាកចេញពីរោងចក្រ Azovstal។

គួរបញ្ជាក់ថា រោងចក្រ Azovstal បានស្ថិតក្រោមការឡោមព័ទ្ធ អស់រយៈពេលជាច្រើនសប្តាហ៍ ដោយកងទ័ពរុស្ស៉ី បានបិទខ្ទប់រាល់ ជំនួយមនុស្សធម៌ទាំងអស់ ហើយធ្វើការទម្លាក់គ្រាប់បែកពីលើអាកាស និងទាមទារឱ្យក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ទម្លាក់អាវុធចុះចាញ់ បើមិនចង់អស់ជីវិត។ បើតាមទីក្រុងមូស្គូ ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនសរុបទាំងអស់ ២,៤៣៩ បានចាកចេញពីរោងចក្រ Azovstal ខណៈពួកគេត្រូវបានបញ្ជូនខ្លួន ទៅកាន់តំបន់ដែលគ្រប់គ្រងដោយរុស្ស៉ី និងមិនដឹងច្បាស់ថា ត្រូវជួបជោគវាសនាយ៉ាងណានោះឡើយ។

ក្រៅពីក្រុមអ្នកប្រយុទ្ធ ក៏មានជនស៉ីវិល រួមទាំងស្រ្តីនិងចាស់ជរាផងដែរ ដែលបានសំងំខ្លួននៅក្នុងរោងចក្រ Azovstal ប៉ុន្តែកាលពីពេលកន្លងទៅ ក្នុងខែឧសភានេះ ពួកគេត្រូវបានជម្លៀសចេញមុនអស់ហើយ ក្រោយការខិតខំប្រឹងប្រែងចរចា ក្រោមការសម្របសម្រួលរបស់ អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ៕