(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃជំងឺអុតស្វា ឬ Monkeypox ដែលជាទូទៅច្រើនកើតមាន នៅតាមកន្លែងដាច់ស្រយាល នៃតំបន់អាហ្វ្រិកខាងលិច និងអាហ្រ្វិកកណ្តាល បន្ទាប់ពីករណីឆ្លងកើនដល់ជាង ១០០ករណី ត្រូវបានគេរកឃើញនៅទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងអ្វីដែលអាល្លឺម៉ង់បានពិពណ៌នាថា ជាការផ្ទុះឡើងនូវជំងឺអុតស្វាដ៏ធំបំផុត នៅទ្វីបអឺរ៉ុបមិនធ្លាប់មាន, ករណីឆ្លងត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួន៩ ដូចជាបែលហ្ស៉ិក បារាំង អាល្លឺម៉ង់ អ៉ីតាលី នេដឺឡង់ ព័រទុយហ្កាល់ អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ថែមទៀត។

ជំងឺអុតស្វា ត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូង នៅលើសត្វស្វា។ ជំងឺនេះជាធម្មតាឆ្លងតាមរយៈ ការធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ ប៉ុន្តែកម្រឆ្លងរីករាលដាលនៅខាងក្រៅទ្វីបអាហ្រ្វិកណាស់ ដូច្នេះករណីឆ្លងថ្មីៗទាំងនេះ បាននិងកំពុងបង្កឱ្យមានការព្រួយបារម្ភ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ មិនរំពឹងថាការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺឆ្លងរាតត្បាតដូចជាជំងឺ COVID-19 នោះទេ ដោយសារតែវីរុសនេះ មិនឆ្លងរីករាលដាលយ៉ាងងាយស្រួលដូចវីរុស SARS-COV-2 ឡើយ។ ជំងឺអុតស្វាគឺជាជំងឺឆ្លងដ៏កម្រ ដែលជាធម្មតា វាមានកម្រិតស្រាល និងមានរោគសញ្ញាដូចជា គ្រុនក្តៅ ក៏ដូចជាកន្ទួលរមាស់ប្លែកៗ ហើយមនុស្សភាគច្រើន អាចជាសះស្បើយឡើងវិញ ក្នុងរយៈពេលត្រឹម ២-៣សប្តាហ៍។

កិច្ចប្រជុំខាងលើរបស់អង្គការ WHO ធ្វើឡើងដោយ ក្រុមប្រឹក្សាយុទ្ធសាស្ត្រ និងបច្ចេកទេសស្តីពីគ្រោះថ្នាក់ នៃជំងឺឆ្លងដែលមានសក្តានុពលវិវត្តទៅជាជំងឺឆ្លងរាតត្បាត (STAG-IH) ដែលមានតួនាទីផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លង ដែលអាចបង្កការគំរាមកំហែងដល់សុខភាពពិភពលោក។

យ៉ាងណាមិញ កិច្ចប្រជុំបន្ទាន់នេះ មិនមែនជាការសម្រេចថា តើការផ្ទុះឡើងនៃជំងឺអុតស្វានេះ គួរតែត្រូវប្រកាសជា ភាពអាសន្នសុខភាពសាធារណៈ ដែលត្រូវក្លាយជាការព្រួយបារម្ភជាលក្ខណៈអន្តរជាតិ ឬយ៉ាងណានោះឡើយ ខណៈវាជាទម្រង់ នៃការប្រកាសអាសន្នកម្រិតខ្ពស់បំផុតរបស់ WHO ដែលបច្ចុប្បន្នត្រូវបានអនុវត្ត ចំពោះជំងឺឆ្លងរាតត្បាត COVID-19៕