(ឡុងដ៍)៖ ករណីឆ្លងដ៏កម្រនៃជំងឺអុតស្វា (Monkeypox) នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត នៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ព្រមទាំងសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ករណីឆ្លងថ្មីចុងក្រោយគេបង្អស់ គឺត្រូវបានរាយការណ៍នៅក្នុងប្រទេសបារាំង អ៉ីតាលី ស៊ុយអែត និងអូស្ត្រាលី ខណៈជំងឺនេះ ភាគច្រើនកើតមាននៅតាមកន្លែងដាច់ស្រយាល នៃតំបន់អាហ្វ្រិកកណ្តាល និងអាហ្រ្វិកខាងលិចជាដើម។ ជាទូទៅ ករណីឆ្លងដែលលេចឡើងនៅក្រៅតំបន់នៃទ្វីបអាហ្រ្វិកខាងលើ គឺភាគច្រើនទាក់ទងទៅនឹងការធ្វើដំណើរទៅកាន់តំបន់ទាំងនោះ ផ្ទាល់។

បើតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស, ជំងឺអុតស្វា ឬ Monkeypox គឺជាជំងឺឆ្លងដ៏កម្រដែលជាធម្មតា វាមានកម្រិតស្រាល ហើយមនុស្សភាគច្រើនអាចជាសះស្បើយឡើងវិញ ក្នុងរយៈពេល ២-៣សប្តាហ៍។ ជំងឺនេះមិនងាយឆ្លងរវាងមនុស្សទេ ហើយហានិភ័យនៃការឆ្លងរីករាលដាលខ្លាំង ត្រូវបានគេនិយាយថា មានកម្រិតទាបណាស់។

ទោះជាយ៉ាងណា ករណីឆ្លងដំបូងនៃជំងឺនេះនៅចក្រភពអង់គ្លេស ត្រូវបានរាយការណ៍កាលពីថ្ងៃទី៧ ខែឧសភា។ បើតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស, អ្នកជំងឺនាពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់ប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលពួកគេត្រូវបានគេជឿថា បានឆ្លងជំងឺនេះ មុនពេលធ្វើដំណើរមកកាន់ចក្រភពអង់គ្លេសវិញ។ រហូតមកទល់ពេលនេះ ករណីឆ្លងជំងឺនេះ បានកើនឡើងដល់ ៩ករណីហើយ។ ប្រភពនៃការឆ្លងទាំងនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ ក៏បានរាយការណ៍ពីការរកឃើញករណីសង្ស័យដំបូងរបស់ខ្លួន នៅលើបុរសម្នាក់ដែលបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកពីទ្វីបអឺរ៉ុបវិញផងដែរ។

នៅទ្វីបអឺរ៉ុប ករណីឆ្លង១ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ព្រមទាំង១ករណី នៅក្នុងប្រទេសអ៉ីតាលី និងករណីសង្ស័យមួយទៀតនៅក្នុងប្រទេសបារាំង។ អាជ្ញាធរស៊ុយអែត បាននិយាយថា ពួកគេមិនច្បាស់ថា តើបុគ្គលនោះឆ្លងជំងឺនេះដោយរបៀបណាទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុគ្គលនៅក្នុងប្រទេសអ៉ីតាលី ទើបតែបានធ្វើដំណើរត្រឡប់មកពីតំបន់កោះកាណារី (Canary) នៃប្រទេសអេស៉្បាញនាពេលថ្មីៗនេះ ខណៈប្រទេសអេស៉្បាញ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺនេះចំនួន ៧ករណីហើយ។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ ដើម្បីកម្ចាត់ជំងឺអុតធំ ក៏អាចផ្តល់ការការពារ ក្នុងកម្រិតខ្លះ ប្រឆាំងនឹងជំងឺអុតស្វាផងដែរ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មានការអភិវឌ្ឍវ៉ាក់សាំងមួយចំនួន ដែលរចនាឡើង ជាពិសេសសម្រាប់បង្ការជំងឺអុតស្វាផងដែរ ប៉ុន្តែវ៉ាក់សាំងទាំងនេះ មិនទាន់មានភាពទូលំទូលាយនៅឡើយទេ៕