(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេស BRICS កាលពីថ្ងៃទី១៩ ខែឧសភា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន ដោយសាររងផលប៉ះពាល់ នៃបម្រែបម្រួលនិម្មាបនកម្ម និងជំងឺរាតត្បាតសកលដែលកម្រមាន ក្នុងមួយសតវត្សរ៍ ស្ថានភាពអន្តរជាតិលេចចេញកត្តាអស្ថិរភាព ភាពមិនប្រាកដប្រជា និងអសន្តិសុខកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែប្រធានបទក្នុងយុគសម័យស្តីពីសន្តិភាព និងការអភិវឌ្ឍន៍មិនដែលផ្លាស់ប្តូរនោះទេ ការស្វែងរកជីវភាពដ៏ល្អប្រសើររបស់ប្រជាជននៃប្រទេសនានា មិនដែលផ្លាស់ប្តូរទេ កាតព្វកិច្ចប្រវត្តិសាស្រ្តនៃការរួមសុខរួមទុក្ខ និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់សហគមន៍អន្តរជាតិ ក៏មិនដែលផ្លាស់ប្តូរផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេស BRICS គួរតែបង្កើនទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ធ្វើការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ស្តីពីបញ្ហាសំខាន់ៗក្នុងតំបន់និងអន្តរជាតិ ផ្តោតសំខាន់ទៅលើផលប្រយោជន៍ជាស្នូល និងបញ្ហាយកចិត្តទុកដាក់ដ៏សំខាន់របស់គ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍នៃការអភិវឌ្ឍ ប្រឆាំងនឹងអនុត្តរភាព និងនយោបាយអំណាច ទប់ទល់នឹងគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាជាក្រុម ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាផ្នែកសន្តិសុខរបស់មនុស្សជាតិ៕