(វ៉ាស៊ីនតោន)៖ នៅក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ក្រុមអ្នកវិភាគស្ថានការណ៍ពិភពលោកជាច្រើនបានព្រមានថា ចិនអាចនឹងទាញយកមេរៀន សំខាន់ៗពីសង្រ្គាមនេះសម្រាប់ផែនការវាយយកកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់ណាមួយ។ ប៉ុន្តែ មិនមែនមានតែចិនទេ ដែលកំពុងរៀនគួរបន្ថែមពី សង្រ្គាមអ៊ុយក្រែន។ សូម្បីតែតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ខណៈមានមេរៀនដ៏សំខាន់មួយដែលគេមិនត្រូវ មើលរំលង នោះគឺការព្រមាន ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនអាចកំញើញ ឬរារាំងលោក វ្ល៉ាឌីមៀ ពូទីន កុំឱ្យលើកទ័ពឈ្លានពានចូលអ៊ុយក្រែន បាននោះទេ។

ជាទូទៅ, ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានក្រុមអ្នកជំនាញយល់ថាមិនសូវមានប្រសិទ្ធភាពនោះទេ ហើយពេលខ្លះវាបែរជាផ្ដល់ឱកាសឱ្យដល់ប្រទេស មួយចំនួនដែលមិនចូលរួមដាក់ទណ្ឌកម្ម អង្គុយត្រងយកផលប្រយោជន៍ទៅវិញ។ ម្យ៉ាងវិញទៀត ប្រសិនបើទណ្ឌកម្មនោះត្រូវអនុវត្តលើប្រទេសមួយមាន សេដ្ឋកិច្ចធំធេង នោះវាកាន់តែគ្មានប្រសិទ្ធភាពទៅទៀត។

បច្ចុប្បន្ន, ចិនជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក និងមានសេដ្ឋកិច្ចធំជាងរុស្ស៉ី ១០ដងឯណោះ។ បានន័យថាការដាក់ទណ្ឌកម្មលើចិន ក៏នឹងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចពិភពលោកដូចគ្នាដែរ។ ដូច្នេះ វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតែមួយមុខប្រហែលជាមិនអាចកំញើញចិនបាន ឡើយ។ ចិនបានប្រតិកម្មខ្លាំងៗចំពោះការយកតៃវ៉ាន់ទៅប្រៀបធៀបជាមួយអ៊ុយក្រែន ដោយអះអាងថាតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីចិនរួចស្រេច ទៅហើយ។ ប៉ុន្តែ ជារឿយៗទីក្រុងប៉េកាំងតែងតែព្រមានថាខ្លួននឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ ប្រសិនបើទីក្រុងតៃប៉ិ ប្រកាសឯករាជ្យ ឬក៏មានកម្លាំងខាងក្រៅណាមួយព្យាយាមបំបែកតៃវ៉ាន់ចេញពីចិន ហើយដែលកម្លាំងខាងក្រៅនោះ ត្រូវបានគេជឿថាចិនចង់សំដៅលើ សហរដ្ឋអាមេរិក។

ជាការពិតណាស់ នៅលើក្រដាស បើប្រៀបធៀបកម្លាំងយោធា តៃវ៉ាន់មិនមែនជាដៃគូរបស់ចិនទេ។ ប៉ុន្តែបើចិនធ្វើសង្រ្គាមដោយប្រើអាវុធធម្មតា ក៏ប្រហែលជាមិនអាចកាន់កាប់តៃវ៉ាន់បានដោយងាយៗនោះដែរ ហើយហេតុផលចម្បងមួយគឺដោយសារ « កត្តាភូមិសាស្ត្រ»។ តៃវ៉ាន់មានភូមិសាស្ត្រ ហ៊ុមព័ទ្ធដោយភ្នំ និងស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រចិន។ ខុសពីអ៊ុយក្រែនដែលមានព្រំដែនគោកជាប់រុស្ស៉ី, ចិនមិនអាចបញ្ជូន ឬដាក់ពង្រាយកងទ័ពជើងគោកទ្រង់ទ្រាយធំនៅតាមបណ្ដោយព្រំដែនតៃវ៉ាន់បានឡើយ។ ប៉ុន្តែ ដោយសារតែតៃវ៉ាន់ជាដែនកោះ, ការផ្គត់ផ្គង់អាវុធ ឬជំនួយនានាក៏នឹងជួបផលលំបាក ហើយប្រឈមមុខនឹងគ្រោះថ្នាក់ច្រើនដូចគ្នាដែរ។

មែនទែនទៅ នៅពេលដែលចិននៅមានសេដ្ឋកិច្ចទន់ខ្សោយ ចម្ងាយ១៦០គីឡូម៉ែត្របែបនេះ អាចធ្វើឱ្យចិនស្ទាក់ស្ទើរ។ តែដោយសព្វថ្ងៃ ចិនមានអំណាច ទាំងយោធា និងសេដ្ឋកិច្ចខ្លាំង តៃវ៉ាន់មិនអាចត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីគេចផុតពីគ្រោះថ្នាក់បានទេ។ តៃវ៉ាន់មានសេដ្ឋកិច្ច ២ភាគ៣ ធំជាង អីស្រាអែល តែតៃវ៉ាន់ចំណាយតិចជាង ២ភាគ៣ នៃផលិតផលនៅក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិរបស់ខ្លួនដែលនេះមិនអាចឱ្យអាមេរិក ជួយបានទេ បើតៃវ៉ាន់មិនអាចជួយខ្លួនឯងបាន។ ដូចពាក្យគេថា «ទាល់តែយើងខ្លួនឯងខ្លាំង ទើបគេផ្សេងព្រមជួយយើង»។

តែយ៉ាងណាក៏ដោយ នៅតែមានដំណឹងល្អ នោះគឺតៃវ៉ាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់អាវុធទំនើបៗ។ សហរដ្ឋអាមេរិក និង NATO បាន និងកំពុងបញ្ជូនអាវុធទំនើបៗជាច្រើនសន្ធាប់ឱ្យអ៊ុយក្រែន ហើយអ្វីដែលគេមិនអាចប្រកែកបាន បើគ្មានអាវុធទាំងនេះទេ កងទ័ពអ៊ុយក្រែនក៏មិនអាច ទប់ទល់ជាមួយរុស្ស៉ីដែលជាមហាអំណាចយោធាលេខ២ នៅលើពិភពលោកបានមកទល់នឹងពេលនេះនោះដែរ។ ដូច្នេះវិធីសាស្ត្រមួយដ៏ល្អមួយ គឺ សហរដ្ឋអាមេរិកត្រូវតែជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនដូចជា «សត្វកាំប្រម៉ា»។ តែធ្វើដូចមេ្ដចទៅទើបអាចឱ្យតៃវ៉ាន់អាចការពារខ្លួនដូចជា «សត្វកាំប្រម៉ា»?

បើតាមក្រុមអ្នកជំនាញ ចម្លើយគឺសាមញ្ញបំផុត នោះគឺពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ រីឯតៃវ៉ាន់ខ្លួនឯងក៏ត្រូវបង្កើនកញ្ចប់ថវិកាយោធាដែរ។ មីស៊ីល Harpoon របស់សហរដ្ឋអាមេរិក ៤០០ដើម មានតម្លៃត្រឹមតែ ០.៣ភាគរយប៉ុណ្ណោះនៃ GDP តៃវ៉ាន់ ហើយមីស៊ីលទំាងនេះអាចជួយតៃវ៉ាន់បាញ់ពន្លិច នាវាចម្បាំងចិននៅឯច្រកសមុទ្រតៃវ៉ាន់។ ចំណែកឯ គ្រាប់មីនសម្រាប់ដាក់ក្នុងទឹក រួមទាំងយន្ដហោះដ្រូនតួកគី បាយរ៉ាក់តា (Bayraktar) ដែលបានបង្ហាញប្រសិទ្ធភាពនៅក្នុងសង្រ្គាមអ៊ុយក្រែន, ពួកវាមានតម្លៃតិចជាង ២លានដុល្លារ ខណៈលុយ ២៥០លានដុល្លារអាចទិញយន្ដហោះដ្រូន Switchblade ដល់ទៅ ៥,០០០គ្រឿង ដែលប្រើដើម្បីកម្ទេចនាវាដឹកកងទ័ព, រថពាសដែក និងនាវាចម្បាំងធុនតូច។

លើសពីនេះទៅទៀត, តៃវ៉ាន់ក៏មានប្រព័ន្ធមីស៊ីល Patriot ចំនួន២គ្រឿងរួចហើយដែរ និងគួរតែចាយលុយ ៣ពាន់លានដុល្លារដើម្បីពង្រឹងសមត្ថភាព ការពារដែនអាកាស។ ក្នុងនោះទៀតសោត មីស៊ីលពាក់លើស្មាប្រឆាំងយន្ដហោះចម្បាំង Stinger ដែលត្រូវបានកងទ័ពអ៊ុយក្រែនប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពក្នុងការបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី គឺជាជម្រើសដ៏ល្អ។ មីស៊ីល Stinger ១,០០០ដើមមានតម្លៃ ៤០០លានដុល្លារ ស្របពេលតៃវ៉ាន់នឹង មានយន្ដហោះចម្បាំង F-16 ច្រើនជាង ២០០គ្រឿងនៅឆ្នាំ២០២៦។

ម្លោះហើយ បើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ពិតជាមានបំណងបង្កើនការលក់អាវុធទាំងនេះ នោះតៃវ៉ាន់អាចនឹងយកអាវុធទាំងនេះមកពង្រឹង ប្រព័ន្ធការដែនអាកាស ជាមួយការបង្កើនកញ្ចប់ថវិកាយោធាពី ២ភាគរយ ដល់៣ភាគរយនៃ GDP។ ក្នុងកម្រិតនេះ តៃវ៉ាន់អាចទិញអាវុធទាំងអស់នោះ សម្រាប់រយៈពេល ៥ឆ្នាំ ពោលគឺកញ្ចប់ថវិកា ៣ភាគរយនៃ GDP អាចឱ្យតៃវ៉ាន់បន្តធ្វើទំនើបកម្មវិស័យយោធាប្រហាក់ប្រហែលនឹងខ្ទប់ចំណាយលើយោធា របស់អ៉ីស្រាអែល។

ប៉ុន្តែ ក្រៅតែពីការទិញអាវុធ, តៃវ៉ាន់ក៏គួរផ្តោតលើការបណ្ដុះបណ្ដាលកងទ័ពរបស់ខ្លួនប្រព័ន្ធអាវុធទំនើបៗធុនធ្ងន់ ហើយពិចារណាកែប្រែប្រព័ន្ធទាហាន ជាប់កាត្វកិច្ចនាពេលបច្ចុប្បន្ន ឱ្យក្លាយទៅជាកងកម្លាំងស្ម័គ្រចិត្តផងដែរ ព្រមទាំងបង្វឹកកងទ័ពបម្រុងដែលអាចធ្វើសកម្មភាពភ្លាមៗ នៅក្នុងករណីបន្ទាន់។

គួរបញ្ជាក់ថា វត្ថុបំណងចម្បងរបស់សហរដ្ឋអាមេរិក, សម្ព័ន្ធមិត្ត រួមទាំងតៃវ៉ាន់ មិនមែនទប់ទល់នឹងការវាយប្រហាររ បស់ចិននោះទេ តែពួកគេចង់កំញើញ និងរារាំងកុំឱ្យជម្លោះ ឬសង្រ្គាមជាមួយចិនផ្ទុះឡើងតែប៉ុណ្ណោះ ហើយវិធីសាស្ត្រកំញើញសត្រូវកុំឱ្យធ្វើសកម្មភាព គឺជាយុទ្ធសាស្ត្រការពារសន្តិសុខជាតិ មួយដ៏ល្អសម្រាប់តៃវ៉ាន់។ គ្រប់សត្វចចក សុទ្ធតែមានសមត្ថភាពសម្លាប់សត្វកាំប្រម៉ា ប៉ុន្តែដោយសារបន្លារជាអាវុធការពារខ្លួនរបស់សត្វកាំប្រម៉ា វាក៏ធ្វើឱ្យ សត្វប្រមាញ់ចំណីទាំងអស់ញញើតផងដែរ ព្រោះថាសត្វប្រមាញ់ទាំងនោះដឹងមុនថាពួកវានឹងត្រូវរងរបួសធ្ងន់ធ្ងរ ឬអាចដល់ស្លាប់ បើទោះជាអាចសម្លាប់ កាំប្រម៉ាបានក៏ដោយ៕

ប្រភព៖ Wall Street Journal (ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២)