(កូឡុំបូ)៖ ប្រទេសស្រីលង្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសតែងតាំងលោក រ៉ានីល វីកគ្រេមេស៉ីងហ្កេ (Ranil Wickremesinghe) ជានាយករដ្ឋមន្ត្រីថ្មី ក្រោយពីអតីតនាយករដ្ឋមន្រ្តី លោក ម៉ាហ៉ីនដា រ៉ាចាបាកសា (Mahinda Rajapaksa) លាលែងពីតំណែង បន្ទាប់ពីផ្ទុះហិង្សាក្នុងប្រទេស ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីប្រទេសនេះ បានទទួលឯករាជ្យនៅឆ្នាំ១៩៤៨។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

លោក Wickremesinghe ដែលជាអ្នកនយោបាយជើងចាស់ ដែលធ្លាប់បម្រើជានាយករដ្ឋមន្ត្រី នៃប្រទេសស្រីលង្កាជាច្រើនដងពីមុនមកនោះ ចាំបាច់ត្រូវតែព្យាយាមដោះស្រាយភាពវឹកវរផ្នែកហិរញ្ញវត្ថុ និងផ្សះផ្សាភាពបែកបាក់ផ្នែកនយោបាយ ដែលប្រទេសនេះកំពុងប្រឈម។

លោក Wickremesinghe បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោកថា «យើងកំពុងប្រឈមមុខនឹងវិបត្តិ យើងត្រូវតែចេញពីវា»។ នៅពេលសួរថា តើមានដំណោះស្រាយដែលអាចធ្វើទៅបានឬអត់ លោក បានឆ្លើយថា៖ «ច្បាស់ណាស់ វាពិតជាមាន»

គួរបញ្ជាក់ថា វិបត្តិបច្ចុប្បន្ន អាចជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អ្នកនយោបាយ វ័យ៧៣ឆ្នាំរូបនេះ។ ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ, ការឆ្លងរាតត្បាតនៃជំងឺ COVID-19 និងការកើនឡើងនៃតម្លៃថាមពល បន្ទាប់ពីការលុកលុយរបស់រុស្ស៉ីលើអ៊ុយក្រែន បានធ្វើឱ្យខាតបង់ថវិការដ្ឋជាច្រើន មានន័យថាប្រទេសស្រីលង្កាកំពុងជួបបញ្ហាខ្វះខាតឥន្ធនៈ ស្បៀងអាហារ និងឱសថ ហើយកំពុងប្រឈមនឹងការដាច់ចរន្តអគ្គិសនីប្រចាំថ្ងៃ ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត៕