(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនមានផែនការ ក្នុងការចែករំលែកវ៉ាក់សាំង ឱ្យកូរ៉េខាងជើងនោះទេ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានរាយការណ៍ពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ ១៩។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន, កូរ៉េខាងជើងបានបដិសេធម្តងហើយម្តងទៀត មិនទទួលយកជំនួយវ៉ាក់សាំងពីកម្មវិធីចែកចាយ វ៉ាក់សាំងសកល ហៅកាត់ថា កូវ៉ាក់ (COVAX)ឡើយ។ ដូច្នេះបច្ចុប្បន្ន សហរដ្ឋអាមេរិកមិនមានផែនការផ្តល់វ៉ាក់សាំងដល់កូរ៉េខាងជើងទេ ប៉ុន្តែនឹងនៅតែ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងគោលបំណងផ្តល់ជំនួយមនុស្សធម៌សំខាន់ៗ ដល់ប្រជាជនកូរ៉េខាងជើងដែលងាយរងគ្រោះបំផុត»។

គួរបញ្ជាក់ថា ការទទួលស្គាល់ថាមានករណីឆ្លងរាលដាលលើកដំបូងនៃជំងឺកូវីដ ១៩ របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញពីវិបត្តិដ៏ធំថ្មីមួយទៀត ខណៈប្រទេសនេះខ្វះខាតធនធានវេជ្ជសាស្រ្ត ដោយសារតែការបដិសេធជំនួយអន្តរជាតិនូវវ៉ាក់សាំងបង្ការជំងឺ រួមទាំងការបិទព្រំដែនរបស់ខ្លួន៕