(ឡុងដ៏)៖ វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឲ្យដឹងថា ការជំរុញឲ្យហ្វាំងឡង់ ចូលជាសមាជិករបស់អង្គការណាតូ (NATO) គឺជាសកម្មភាព ដែលនាំឲ្យមានការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៉ី ហើយទីក្រុងមូស្គូនឹងធ្វើការឆ្លើយតបវិញ ដោយអាស្រ័យលើការចល័តទ័ពរបស់ NATO ឆ្ពោះទៅកាន់ ព្រំដែនហ្វាំងឡង់-រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីឌ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ហ្វាំងឡង់កំពុងប្រកាន់យកជំហរអមិត្ត ដូចគ្នានឹងជំហររបស់សហភាពអឺរ៉ុបចំពោះប្រទេសរបស់យើង។ ដូច្នេះ វានឹងក្លាយជាហេតុផលមួយដែលយើងនឹងត្រូវចាត់វិធានការឆ្លើយតបវិញ»។

លោក ប៉េសកូវ មិនបានបញ្ជាក់ថាតើរុស្ស៉ីនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ តែក្រសួងការបរទេសរុស្ស៉ី បានអះអាងមូស្គូនឹងប្រើវិធានការឆ្លើយតប ទាំងផ្នែកបច្ចេកទេសយោធា និងតាមលក្ខខណ្ឌផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមកំហែង ដល់សន្តិសុខជាតិដែលអាចកើតមាន ហើយទីក្រុង ហែលស៊ិនគី ត្រូវតែដឹងអំពីទំនួលខុសត្រូវ និងផលវិបាកនៃសកម្មភាពរបស់ខ្លួននេះ។

គួរបញ្ជាក់ថា ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីហ្វាំងឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរបស់ពួកគេត្រូវតែដាក់ពាក្យសុំចូលរួម ជាមួយបក្សសម្ព័ន្ធយោធានេះ ដោយគ្មានការពន្យាពេល ខណៈស៊ុយអែតត្រូវបានគេរំពឹងថានឹងប្រកាសពីការសម្រេចចិត្តដូចហ្វាំងឡង់ ក្នុងពេលឆាប់ៗនេះ។ តែប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានលើកឡើងថា សង្រ្គាមនៅអ៊ុយក្រែនធ្វើឡើង គឺដើម្បីទប់ស្កាត់ការពង្រីកខ្លួនរបស់ NATO ទៅកាន់ព្រំដែនរបស់រុស្ស៊ី៕