(ឡុងដ៍)៖ សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានព្រមានបណ្ដា ប្រទេសលោកខាងលិចថា ការកើនឡើងនៃការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនដោយសហរដ្ឋអាមេរិក និងសម្ព័នមិត្ត មានហានិភ័យខ្ពស់ណាស់ ក្នុងការបង្កឱ្យ មានជម្លោះរវាងរុស្ស៉ី និងអង្គការណាតូ (NATO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។

លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី បាននិយាយថា ជម្លោះបែបនេះជាមួយអង្គការណាតូ តែងតែនាំមកនូវហានិភ័យ នៃការប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរយ៉ាងពេញលេញ។

លោក Medvedev បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Telegram ដូច្នេះថា «បណ្តាប្រទេសដែលជាសមាជិកអង្គការណាតូដែលបញ្ជូនអាវុធ និងទាហានស៊ីឈ្នួល ចូលទៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែន ឱ្យប្រើប្រាស់ឧបករណ៍របស់បណ្ដាប្រទេសលោកខាងលិច និងការធ្វើសមយុទ្ធនៅជិតព្រំដែនរបស់យើង គឺកំពុងបង្កើនលទ្ធភាពនៃជម្លោះដោយផ្ទាល់ និងបើកចំហរវាងអង្គការណាតូ និងរុស្ស៉ី»

លោក Medvedev បានបន្ថែមថា «ជម្លោះបែបនេះ តែងតែមានហានិភ័យនៃការប្រែក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរយ៉ាងពេញលេញ។ នេះនឹងក្លាយជា សេណារីយ៉ូ ដ៏មហន្តរាយសម្រាប់មនុស្សគ្រប់គ្នា»

គួរបញ្ជាក់ថា រុស្ស៉ី និងសហរដ្ឋអាមេរិក គឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។ បើតាមសមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាន នៅទីក្រុងវ៉ាស៊ីនតោន រុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៦,២៥៧គ្រាប់ ខណៈមហាអំណាចនុយក្លេអ៊ែរទាំង៣ របស់អង្គការណាតូ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង មានក្បាលគ្រាប់ចំនួន ៦,០៦៥គ្រាប់បូកបញ្ចូលគ្នា៕