(ប្រ៊ុចសែល)៖ គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាលសហភាពអឺរ៉ុប ដើម្បីជួយអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន ដែលជាប់គាំងនៅក្នុងប្រទេសនេះ ដោយសារកងទ័ពជើងទឹករុស្ស៊ីកំពុងរារាំងកំពង់ផែអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ទិន្នន័យរបស់ក្រុមប្រឹក្សាគ្រាប់ធញ្ញជាតិអន្តរជាតិបង្ហាញថា អ៊ុយក្រែនជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំជាងគេទីបួនរបស់ពិភពលោកក្នុងឆ្នាំ ២០២១- ២០២២ ដោយលក់បាន ៤៤.៧លានតោនទៅក្រៅប្រទេស ភាគច្រើនទៅកាន់ប្រទេសចិន អាហ្វ្រិក និងអឺរ៉ុប ខណៈដែលប្រទេសនេះជាអ្នកផលិតដ៏ធំបំផុតមួយ នៃប្រេងផ្កាឈូករ័ត្ន។

មុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ៩០ភាគរយនៃគ្រាប់ធញ្ញជាតិ និងប្រេងផ្កាឈូករ័ត្ន ត្រូវបានដឹកជញ្ជូនចេញទៅតាមកំពង់ផែអ៊ុយក្រែននៅលើសមុទ្រខ្មៅ ដែលជាផ្លូវមួយត្រូវបានបិទ។ បញ្ហាក្នុងការយកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែនបានគំរាមកំហែង និងបានបង្កជាវិបត្តិស្បៀងអាហារ ជាពិសេសនៅតំបន់ក្រីក្រ ដូចជាអាហ្វ្រិក។

ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប លោក Adina Valean បាននិយាយថា «គ្រាប់ធញ្ញជាតិ ២០លានតោន ត្រូវដឹកចេញពីប្រទេសអ៊ុយក្រែនក្នុងរយៈពេលតិចជាង ៣ខែដោយប្រើហេដ្ឋារចនាសម្ព័ន្ធសហភាពអឺរ៉ុប»

លោកបានសង្កត់ធ្ងន់ថា «នេះជាបញ្ហាប្រឈមដ៏ធំ ដូច្នេះវាមានសារៈសំខាន់ណាស់ ក្នុងការសម្របសម្រួល និងបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ ដឹកជញ្ជូនបង្កើតផ្លូវថ្មី និងចៀសវាង ការកកស្ទះ តាមដែលអាចធ្វើទៅបាន»