(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានសម្រេចបិទខ្ទប់ប្រទេសទាំងមូល ក្រោយមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរាយការណ៍នៅក្នុងទីក្រុងព្យុងយ៉ាង ដែលនេះជាការទទួលស្គាល់ផ្លូវការជាលើកដំបូងបំផុតពីការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចាប់តាំងពីជំងឺឆ្លងរាតត្បាតសកលផ្ទុះឡើងមក។ នេះបើ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា ប្រជាជនក្នុងទីក្រុងព្យុងយ៉ាង បានឆ្លងមេរោគអូមីក្រុង ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួន ករណី ឬប្រភពនៃការឆ្លងនៅឡើយទេ ដោយគ្រាន់តែបង្ហើបថាការប្រមូលសំណាកអ្នកជំងឺធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ។

ភ្លាមៗបន្ទាប់ពីការរកឃើញមេរោគនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំសមាជិកគណបក្សពលករ ដើម្បីពិភាក្សា អំពីការឆ្លើយតបចំពោះការផ្ទុះឡើង នៃជំងឺឆ្លងនេះដោយចេញបញ្ជាឲ្យបិទខ្ទប់ទីក្រុង និងស្រុកទំាងអស់ទូទាំងប្រទេសយ៉ាងតឹងរ៉ឹង រួមទាំង ការចល័តក្រុមការងារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់ផងដែរ។

គួរបញ្ជាក់ថា ទោះបីជាកូរ៉េខាងជើង មិនធ្លាប់បញ្ជាក់ពីការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសក៏ដោយ ក៏មន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដាក់ការសង្ស័យថាអាចមានករណីឆ្លងខ្លះរួចទៅហើយ ជាពិសេសនៅពេលដែលមេរោគអូមីក្រុង រាលដាលខ្លាំង នៅក្នុងប្រទេសជិតខាង គឺកូរ៉េខាងត្បូង និងចិនជាដើម៕