(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) បាននិយាយនៅថ្ងៃចន្ទនេះថា វាលំបាកខ្លាំងសម្រាប់តៃវ៉ាន់ ដើម្បីទទួលបានការអញ្ជើញ ឲ្យចូលរួមកិច្ចប្រជុំដ៏សំខាន់របស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងរៀបចំឡើងនាខែនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

តៃវ៉ាន់ ត្រូវបានដកចេញស្ថាប័នអន្តរជាតិធំៗភាគច្រើន ដោយសារតែការជំទាស់ពីប្រទេសចិន ដែលតែងតែចាត់ទុកតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន និងមិនមែនជាប្រទេសអធិបតេយ្យភាព ហើយការដកចេញពី WHO នេះ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។

ឆ្លើយតបនឹងសំណួររបស់សមាជិកសភា លោក វូ បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងស្វែងរកការអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នៅឯ WHO, វាមានការលំបាកខ្លាំងណាស់ ប៉ុន្តែយើងកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីទទួលបានការអញ្ជើញនេះ»។

គួរបញ្ជាក់ថា តៃវ៉ាន់ធ្លាប់ចូលរួមធ្វើជាអ្នកសង្កេតការណ៍ក្នុងមហាសន្និបាទ របស់ WHO ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ដែលនៅពេលនោះ ទំនាក់ទំនងរវាងទីក្រុងតៃប៉ិ-ប៉េកាំង មានភាពល្អប្រសើរ ប៉ុន្តែក្រោយពីមានការបោះឆ្នោតជ្រើសរើស លោកស្រី សៃ អ៊ីងវេន ឲ្យក្លាយជាប្រធានាធិបតីមក ចិនបានចាប់ផ្តើមជំទាស់នឹងតួនាទីរបស់តៃវ៉ាន់ ដោយសារតែលោកស្រី គឺជាបុគ្កលមួយរូបដែលចិនចាត់ទុកថាជាក្រុមផ្តាច់ខ្លួន។ ទោះយ៉ាងណា លោកស្រីបដិសេធការចោទប្រកាន់នេះ៕