(ហុងកុង)៖ លោក ចន លី (John Lee) ជាបេក្ខជនតែម្នាក់គត់ដែលត្រូវបានជ្រើសរើសដោយទីក្រុងប៉េកាំង បានទទួលជ័យជម្នះហើយ នៅក្នុង ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីកាន់តំណែងជំនួសលោកស្រី ខារី ឡាំ (Carrie Lam) ជានាយកប្រតិបត្តិថ្មីរបស់ទីក្រុងហុងកុង។

បើតាមលទ្ធផលបោះឆ្នោត, លោក ចន លី ទទួលបានសំឡេងគាំទ្រ ១,៤១៦ សំឡេង លើសពីគ្រប់គ្រាន់ដើម្បីកាន់តំណែងជាប្រមុខរដ្ឋាភិបាលថ្មី របស់ទីក្រុងហុងកុង។ ច្បាប់បោះឆ្នោតរបស់ទីក្រុងហុងកុង បានកំណត់ថាដើម្បីអាចកាន់តំណែងជានាយកប្រតិបត្តិក្រុងហុងកុង បេក្ខជនម្នាក់ ត្រូវប្រមូលការគាំទ្រឱ្យបាន ៧៥០រូប ឬច្រើនជាងពាក់កណ្ដាលពីគណៈកម្មការមានសមាជិកចំនួន ១,៥០០នាក់។

ក្រោយត្រូវបានតែងតាំងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង, លោក ចន លី នឹងត្រូវស្បថចូលកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ ទីក្រុងហុងកុង នៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ ដោយមានអាណត្តិរយៈពេល៥ឆ្នាំ រាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ រីឯ លោកស្រី ខារី ឡាំ ដែលជានាយកប្រតិបត្តិក្រុងហុងកុងនាពេលបច្ចុប្បន្ន ក៏បានផ្ញើសារអបអរសាទរដល់ជ័យជម្នះរបស់លោក ចន លី ផងដែរ។

*តើលោក ចន លី គឺជានរណា?

ខុសប្លែកពីមេដឹកនាំហុងកុងមុនៗ ដែលមានដើមកំណើតចេញពីអ្នកជំនួញ និងរដ្ឋបាល, លោក ចន លី មានប្រភពចេញពីស្ថាប័នប៉ូលិស។ លោក លី ដែលបច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ បានចូលបម្រើការងារក្នុងស្ថាប័នប៉ូលិសក្រុងហុងកុងនៅឆ្នាំ១៩៧៧ ក្នុងអាយុ ២០ឆ្នាំ ហើយក្នុងនាមជាប៉ូលិស ទៀតសោត លោកមានជំនាញយ៉ាងខ្លាំងខាងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។ លោក លី មានសញ្ជាតិហុងកុងផង និងអង់គ្លេសផង ប៉ុន្តែលោកបាន បោះបង់ចោលសញ្ជាតិអង់គ្លេស មុនពេលលោកត្រូវបានតែងតាំងជាអនុប្រធានសន្តិសុខហុងកុង ក្នុងឆ្នាំ២០១២។

នៅឆ្នាំ២០១៩ លោក លី បានឡើងតំណែងជាប្រធានសន្តិសុខហុងកុង នៅក្រោមរដ្ឋបាលដឹកនាំដោយលោកស្រី ខារី ឡាំ ចំពេលទីក្រុងហុងកុង ប្រឈមមុខនឹងបាតុកម្មដឹកនាំដោយក្រុមនិស្សិត ហើយក្រោយមក លោកបានក្លាយជាមនុស្សមានឥទ្ធិពលលំដាប់ទី២ នៅហុងកុងបន្ទាប់ពី លោកស្រី ខារី ឡាំ នៅឆ្នាំ២០២១។

គួរបញ្ជាក់ថា លោក ចន លី គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ហុងកុង ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ដែល បានចោទប្រកាន់រូបលោកថាចូលរួមចំណែកបានបំផ្លាញស្វ័យភាព និងប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង តាមរយៈការបង្រ្កាបលើក្រុមបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ លោក លី បានច្រានចោលរាល់ការចោទប្រកាន់ហើយថាអ្វីដែលលោកបានធ្វើ គឺបំពេញតាមតួនាទី ក្នុងការថែរក្សាការពារសន្តិសុខ៕

ប្រភព៖ BBC (ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២)