(ហុងកុង)៖ លោក ចន លី (John Lee) ដែលជាបេក្ខជនតែម្នាក់គត់ត្រូវបានជ្រើសរើសដោយទីក្រុងប៉េកាំង បានទទួលជ័យជម្នះហើយ នៅក្នុង ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីកាន់តំណែងជំនួសលោកស្រី ខារី ឡាំ (Carrie Lam) ជានាយកប្រតិបត្តិថ្មីរបស់ទីក្រុងហុងកុង។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។

បើតាមលទ្ធផលបោះឆ្នោត, លោក ចន លី ទទួលបានសំឡេងគាំទ្រ ១,៤១៦ សំឡេង លើសពីគ្រប់គ្រាន់ដើម្បីកាន់តំណែងជាប្រមុខរដ្ឋាភិបាលថ្មី របស់ទីក្រុងហុងកុង។ ពោលគឺ ច្បាប់បោះឆ្នោតរបស់ទីក្រុងហុងកុង បានកំណត់ថាដើម្បីអាចកាន់តំណែងជានាយកប្រតិបត្តិក្រុងហុងកុង បេក្ខជន ម្នាក់ត្រូវប្រមូលការគាំទ្រឱ្យបាន ៧៥០រូប ឬច្រើនជាងពាក់កណ្ដាល ពីគណៈកម្មការមានសមជិកចំនួន ១,៥០០នាក់។

គួរបញ្ជាក់ថា ក្រោយត្រូវបានតែងតាំងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង, លោក ចន លី នឹងត្រូវស្បថចូលកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ ទីក្រុងហុងកុង នៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ ដោយមានអាណត្តិរយៈពេល៥ឆ្នាំ រាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ រីឯ លោកស្រី ខារី ឡាំ ដែលជានាយកប្រតិបត្តិក្រុងហុងកុងនាពេលបច្ចុប្បន្ន ក៏បានផ្ញើសារអបអរសាទរដល់ជ័យជម្នះរបស់លោក ចន លី ផងដែរ៕