(រីយ៉ាដ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីស (Salman bin Abdulaziz) បានយាងធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង ជិតដាស់ (Jeddah) កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ ដើម្បីទទួលការធ្វើតេស្ដព្រះរាជសុខភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត ធ្វើឡើងដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ព្រះបរមរាជវាំង ដែលឱ្យដឹងថា ព្រះមហាក្សត្រ សាល់ម៉ាន ប៊ីន អាប់ឌុលអាហ្ស៊ីស កំពុងទទួលការធ្វើតេស្ដពិនិត្យព្រះរាជសុខភាព នៅឯមន្ទីរពេទ្យឯកទេស ឃីង ហ្វៃសល់ (King Faisal Specialist Hospital)។ ប៉ុន្តែ មិនមានព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រ សាល់ម៉ាន មានព្រះជ ន្ម ៨៦វង្សា បានឡើងសោយរាជ្យកាលពីឆ្នាំ២០១៥ បន្ទាប់ពីកាន់តំណែងជារាជទាយាទ ២ឆ្នាំកន្លះ ហើយព្រះអង្គក៏ធ្លាប់ទទួលការវះកាត់ថង់ប្រមាត់ផងដែរកាលពីឆ្នាំ២០២០ និងបច្ចុប្បន្នកំពុងប្រើប្រាស់ «ថ្មបេះដូង»៕