(តូក្យូ)៖ ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថាខ្លួនកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានវាយតម្លៃថាការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ខាងលើ មិនបានបង្កការគំរាមកំហែងបន្ទាន់ដល់កងទ័ព ឬដែនដីអាមេរិក ឬក៏សម្ព័ន្ធមិត្តអាមេរិកនោះទេ។ ប៉ុន្តែ បានហៅថាការធ្វើតេស្ដនេះ ជាទង្វើបង្កអស្ថិរភាព បង្កឡើងដោយកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង ហើយថាការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារ កូរ៉េខាងត្បូង និងជប៉ុនមិនមានការប្រែប្រួលឡើយ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលបាលីស្ទិគមួយគ្រាប់ ខណៈនៅសល់ តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។

យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់តេស្ត មីស៉ីលបាលីស្ទិគរយៈចម្ងាយខ្លីមួយគ្រាប់ ដែលត្រូវបានសន្និដ្ឋានថាជា មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBM) ឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួន កាលពីវេលាម៉ោងប្រមាណជា ២រសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) ដោយចេញពីម្តុំទីក្រុងស៉ីនប៉ូ (Sinpo) ជាទីដែលកូរ៉េខាងជើងរក្សាទុកនាវាមុជទឹក ហើយនិង បរិក្ខារសម្រាប់បាញ់សាកល្បង មីស៉ីលបាលីស្ទិគប្រភេទ SLBM។

កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបាញ់តេស្តមីស៉ីលផ្លោងមួយគ្រាប់ ទៅធ្លាក់ចូលសមុទ្រនៅភាគខាងកើតប្រទេសខ្លួន ផងដែរ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ ក្នុងល្បឿនយ៉ាងឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន។ សរុបមកវិញ ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលចំនួន១៥លើកហើយ ធៀបនឹងចំនួនត្រឹម៤លើក កាលពីឆ្នាំ២០២០ និង៨លើក កាលពីឆ្នាំ២០២១៕