(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងឡុងដ៍) បានប្រកាសថាខ្លួននឹងផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១.៦០ពាន់លានដុល្លារ ហើយការសន្យានេះធ្វើឡើងនៅមុនកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងមេដឹកនាំនៃក្រុមប្រទេស G7 ជាមួយប្រធានាធិបតី លោក ហ្សេលេនស្គី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានស្ថិតនៅក្នុងចំណោមមេដឹកនាំលោកខាងលិចមួយចំនួន ដែលបានបង្ហាញការគាំទ្រយ៉ាង ពេញទំហឹងដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ដោយទីក្រុង ឡុងដ៍បានបញ្ជូនមីស៊ីលប្រឆាំងរថក្រោះ, ប្រព័ន្ធការពារដែនអាកាស និងអាវុធជាច្រើនទៀតដល់អ៊ុយក្រែន។

ដោយឡែក ការប្រកាសផ្ដល់ជំនួយខាងលើ គឺបានបង្ហាញពីការបង្កើនការប្ដេជ្ញាចិត្តរបស់អង់គ្លេសចំពោះអ៊ុយក្រែន ហើយវាក៏ជាការផ្ដល់ជំនួយ យោធាដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្រ្គាមនៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានដែលអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក, មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 ដូចជាអង់គ្លេស, កាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន និងសហរដ្ឋអាមេរិក នឹងត្រូវបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ មួយថ្ងៃមុននឹងរុស្ស៉ីប្រារព្ធទិវាជ័យជម្នះ ក្នុងសង្រ្គាមលោកលើកទី២ នៅថ្ងៃចន្ទ ទី៩ ខែឧសភានេះ៕