(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ជឿជាក់ថារូបលោកមិនអាចចាញ់នៅក្នុងសង្រ្គាមអ៊ុយក្រែនជាដាច់ខាត និងកំពុង បង្កើនការប្ដេជ្ញាចិត្តយកជ័យជម្នះទ្វេដង។ ប៉ុន្តែ មិនមានសញ្ញាណាមួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកនោះទេ។ នេះ បើតាមលោក វីលៀម ប៊ឺន (William Burns) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២។

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីលៀម ប៊ឺន ធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយរៀបចំ ឡើងដោយកាសែត Financial Times កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ បើតាមលោក ប៊ឺន ទោះបីជាកងទ័ពរុស្ស៉ីបានបរាជ័យក្នុងការ វាយកាន់កាប់ទីក្រុងកៀវ ហើយកំពុងប្រឈមមុខនឹងការវាយទប់ទល់យ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែនក្នុងតំបន់ដុនបាស់ (Donbas) ក៏ដោយ តែលោក ពូទីន នៅតែជឿជាក់ថាកងទ័ពរុស្ស៉ីអាចយកជ័យជម្នះលើអ៊ុយក្រែន ដោយមិនអាចចាញ់ជាដាច់ខាត។

លោកបន្ថែមថា បច្ចុប្បន្ន លោក ពូទីន កំពុងបង្កើនការប្ដេជ្ញាចិត្តទ្វេដង ដើម្បីយកជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន តែមិនមានសញ្ញាណា មួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកនោះទេ។ នាយក CIA បានបញ្ជាក់ដូច្នេះថា «តាមរយៈព័ត៌មានសម្ងាត់, ភស្តុងតាងជាក់ស្ដែងជាច្រើន, យើងមើលមិនឃើញឡើយពីផែនការរបស់រុស្ស៉ី នៅក្នុងការដាក់ពង្រាយ ឬក៏ប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនោះឡើយ»

តែទោះជាយ៉ាងណាក៏ដោយ, លោក វីលៀម ប៊ឺន មិនបានធ្វើការសន្និដ្ឋាន ឬវាយតម្លៃពីស្ថានភាពនៅឯសមរភូមិសង្រ្គាម ឬក៏ព្យាករថាតើ សង្រ្គាមនៅអ៊ុយក្រែននឹងបិទបញ្ចប់ទៅដោយបែបណានោះទេ៕