(ប៉េកាំង)៖ តាមដំណឹងផ្សាយរបស់ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងរបស់អាមេរិក បានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា តាមម៉ោងក្នុងតំបន់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅអាមេរិក បានបង្កើតកំណត់ត្រាសោកនាដកម្មថ្មី ពោលគឺនៅអាមេរិក ករណីស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩បានលើសពី១លាននាក់ ។ ដំណឹងនេះបានផ្សាយឱ្យដឹងថា មនុស្ស១លាននាក់ទាំងនេះ បានស្លាប់បាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែ ២៧ខែប៉ុណ្ណោះ ថែមទាំងមនុស្សចំនួនពាក់កណ្តាលបានស្លាប់ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីឡើងកាន់អំណាច។

តួលេខនេះគួរឱ្យអ្នកផងភ្ញាក់ផ្អើល វាបង្កប់អត្ថន័យយ៉ាងម៉េចចំពោះអាមេរិក? នេះគឺមានន័យថា ក្នុងចំណោមប្រជាពលរដ្ឋអាមេរិកប្រហែលរាល់ ៣៣០នាក់ ក៏មានមនុស្សម្នាក់ស្លាប់ ហើយក៏មានន័យថា ស្មើនឹងចំនួនប្រជាជនក្រុង San Jose ដែលជាទីក្រុងធំទី១០ របស់អាមេរិកត្រូវហួតអស់ហើយ ។

ក្នុងនាមជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក ហេតុអ្វីបានជាអាមេរិកបានក្លាយទៅជា «ប្រទេសទទួលបរាជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក»? «គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់ដល់អាយុជីវិតរបស់ប្រជាជន» «គិតតែអនុត្តរភាព មិនយកចិត្តទុកដាក់លើសិទ្ធិមនុស្ស» វាប្រហែលជាមូលហេតុពីឬគល់ដែល «ការទប់ទល់នឹងជំងឺកូវីដ១៩បែបអាមេរិក» ជាសទិសន័យរបស់គ្រោះមហន្តរាយសិទ្ធិមនុស្ស។

ក្នុងដំណាក់កាលដំបូងនៃការរីករាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកអាណត្តិនោះក៏បានប្រែបញ្ហាទប់ទល់នឹង ជំងឺកូវីដ១៩ដោយវិទ្យាសាស្ត្រ ក្លាយទៅជាបញ្ហានយោបាយ នៅក្នុងស្រុក មិនសូវផ្តោតសំខាន់ទៅលើផលប៉ះពាល់ពីជំងឺកូវីដ១៩ នៅឆាកអន្តរជាតិបានមួលបង្កាច់ប្រទេសផ្សេងទៀត។ បន្ទាប់ពីរដ្ឋាភិបាលអាណត្តិបច្ចុប្បន្នឡើងកាន់អំណាច ក៏បានបង្កររឿងហេតុ ដោយបានប្រើប្រាស់ស្ថាប័នស៊ើបការណ៍តាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងគោលបំណងចង់ទម្លាក់កំហុសឱ្យប្រទេសផ្សេង។

ការញុះញង់ខាងនយោបាយទាំងនេះ គឺដើម្បីបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនយោបាយអាមេរិក ប៉ុន្តែអ្វីដែលត្រូវគេលះបង់ចោល គឺសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិក ។ ព្រមពេលជាមួយគ្នានេះ ពិតមែនជារដ្ឋាភិបាលអាមេរិកបានអួតអាងថានឹង «ការពារសិទ្ធិមនុស្ស» ប៉ុន្តែបានធ្វើរឿងផ្ដេសផ្ដាស ដែលបានប្រើប្រាស់ថវិការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋប្រទេសខ្លួន យកមកផ្តល់ជំនួយដល់អ៊ុយក្រែន ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក អាយុជីវិតរបស់ប្រជាពលរដ្ឋប្រទេសខ្លួន អន់ជាងអនុត្តរភាពខ្លួននៅឯបរទេសទៅទៀត។

អាយុជីវិតដែលបានបាត់បង់ទៅគួរឱ្យអ្នកផងឈឺចាប់ ប៉ុន្តែមនុស្សនៅតែរស់រានមានជីវិតក៏រងការឈឺចាប់ដូចគ្នាដែរ។ នៅអាមេរិក កុមារចំនួន២សែននាក់ក្លាយទៅជា «កុមារកំព្រាដោយសារជំងឺកូវីដ១៩» តម្លៃផ្ទះស្នាក់នៅ ស្បៀងអាហារនិងប្រេងឥន្ធនៈឡើងថ្លៃយ៉ាងខ្លាំង ប្រជាពលរដ្ឋអាមេរិករាប់លាននាក់មានជីវភាពរស់នៅយ៉ាងលំបាក ។ល។ ការពិតជាក់ស្តែងដ៏ព្រងើយទាំងនេះ បានលាតត្រដាងនូវពុតត្បុត ភាពអាត្មានិយមនិង មិនបំពេញភារកិច្ចរបស់អ្នកនយោបាយអាមេរិក ដែលតែងតែនិយាយពី «សិទ្ធិមនុស្ស» តាមតែមាត់។

នៅខែកញ្ញា ឆ្នាំ២០២១ នៅទីលានជាតិក្រុងវ៉ាស៊ីនតោននៃប្រទេសអាមេរិក បានដោតទង់ពណ៌សតូចៗជាច្រើន ទង់នីមួយៗបានតំណាងឱ្យមនុស្សម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។ កម្មវិធីនេះត្រូវគេដាក់ឈ្មោះថា «នៅអាមេរិក គួរតែចងចាំ»។ ពាក់កណ្តាលឆ្នាំបានកន្លងផុតទៅហើយ ការពិតជាក់ស្តែងបានបញ្ជាក់ថា អ្នកនយោបាយអាមេរិកមិនបានចងចាំអ្វីទេ។ ប្រការដែលកាន់តែជូរចត់នោះគឺ គឺសភាពការណ៍ទាំងនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ៕