(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៣៤៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៦៣០ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ១៧៩ករណី និងខេត្ត Vĩnh Phúc ២២២រណី។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរ វៀតណាមពុំបានរកឃើញករណីអ្នកស្លាប់ថ្មីទេ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៧៣,៩១៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣១៨,៥២៥នាក់ និងស្លាប់សរុបចំនួន ៤៣,០៥៥នាក់៕