(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) នៅថ្ងៃសៅរ៍នេះ បាននិយាយថា តៃវ៉ាន់សង្ឃឹមថាពិភពលោក នឹងនាំគ្នាដាក់ទណ្ឌកម្មលើចិន ដូចដែលពួកគេបាននិងកំពុងធ្វើចំពោះរុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន យ៉ាងដូច្នោះ ប្រសិនបើ ទីក្រុងប៉េកាំងហ៊ានឈ្លានពានលើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងតៃប៉ិ កំលុងព្រឹត្តិការណ៍ទិវាអឺរ៉ុប លោក Wu បាននិយាយថា វាមានសារសំខាន់ណាស់ ក្នុងការឈរនៅជាមួយគេឯង ក្នុងការថ្កោលទោសសកម្មភាពឈ្លានពាននៅអ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មលើរុស្ស៉ីនិងបេឡារុស។

លោករដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បានបន្ថែមដូច្នេះថា «នាពេលអនាគត ប្រសិនបើយើងរងការគំរាមកំហែងប្រើធម៌ក្តៅពីប្រទេសចិន ឬក៏ត្រូវបានឈ្លានពាននោះ ប្រាកដណាស់យើងសង្ឃឹមថា សហគមន៍អន្តរជាតិអាចយល់ ហើយផ្តល់ការគាំទ្រដល់តៃវ៉ាន់ និងដាក់ទណ្ឌកម្មចំពោះសកម្មភាពប្រភេទនេះ»។ លោក Wu បានសង្កត់ធ្ងន់ថា ដូច្នេះហើយ ទើបឥឡូវតៃវ៉ាន់ឈរជាមួយអន្តរជាតិ ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៉ី។

កន្លងមកនេះ ទីក្រុងតៃប៉ិបានចូលរួមការដាក់ទណ្ឌកម្មលើរុស្ស៉ី ដែលដឹកនាំដោយក្រុមលោកខាងលិច សម្រាប់ការឈ្លានពានលើអ៊ុយក្រែន ហើយតៃវ៉ាន់ ក៏ទើបតែបានដាក់ទណ្ឌកម្មលើបេឡារុសផងដែរ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ សកម្មភាពរបស់តៃវ៉ាន់ ហាក់គ្រាន់ជានិមិត្តរូបមួយប៉ុណ្ណោះ ពោលគឺមិនសូវមានឥទ្ធិពលផ្ទាល់ឡើយ ដ្បិតទីក្រុងតៃប៉ិមានការធ្វើពាណិជ្ជកម្មដោយផ្ទាល់ ក្នុងកម្រិតទាបប៉ុណ្ណោះ ជាមួយរុស្ស៉ីនិងបេឡារុស។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើមមក តៃវ៉ាន់បានបង្កើនកម្រិតប្រុងជើងការរបស់ខ្លួន ក្រោមការព្រួយបារម្ភខ្លាចក្រែង ចិនឆ្លៀតឱកាសធ្វើសកម្មភាពស្រដៀងគ្នាមកលើដែនកោះនេះ ក៏ប៉ុន្តែមកទល់ឥឡូវ រដ្ឋាភិបាលទីក្រុងតៃប៉ិ បានរាយការណ៍ថា មិនមានសញ្ញាណាមួយ ស្តីពីការគ្រោងវាយប្រហារដោយចិនឡើយ។

ពាក់ព័ន្ធនឹងសំណួរថា តើអន្តរជាតិនឹងមានប្រតិកម្មបែបណានោះ ចំពោះការវាយប្រហាររបស់ចិនលើតៃវ៉ាន់ គឺមិនទាន់មាននរណា អាចស្មានឱ្យប្រាកដនៅឡើយទេ ដោយសារតែប្រទេសភាគច្រើន សូម្បីតែសហរដ្ឋអាមេរិក និងសមាជិកទាំងអស់របស់សហភាពអឺរ៉ុប សុទ្ធតែមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងប៉េកាំង មិនមែនជាមួយទីក្រុងតៃប៉ិទេ ហើយខុសពីអ៊ុយក្រែន ពួកគេមិនបានចាត់ទុកតៃវ៉ាន់ ជាប្រទេសឡើយ៕