(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់រង្វាន់សរុបរហូតដល់ ១៥លានដុល្លារ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងក្រុមហែគឃើ (hacker) ឈ្មោះថា ខុនធី (Conti) ដែលមានមូលដ្ឋាននៅឯប្រទេសរុស្ស៉ី និងជាអ្នកនៅពីក្រោយ សកម្មភាពគំរាមគំហែងយកប្រាក់ តាមប្រព័ន្ធអ៉ីនធើណិតនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នែដ ប៉្រាយ (Ned Price) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «តាមរយៈការផ្តល់ប្រាក់រង្វាន់នេះ សហរដ្ឋអាមេរិកបង្ហាញឱ្យឃើញពីប្តេជ្ញារបស់ខ្លួនចំពោះ កិច្ចប្រឹងប្រែងការពារបុគ្គលនានានៅជុំវិញពិភពលោក ពីការក្លាយខ្លួនជាជនរងគ្រោះ ក្នុងសកម្មភាពជំរិតយកប្រាក់ របស់ក្រុមឧក្រិដ្ឋជនព័ត៌មានវិទ្យា»

ប្រាក់រង្វាន់ខាងលើ រួមមាន១០លានដុល្លារ សម្រាប់ព័ត៌មានដែលជួយដល់ការកំណត់អត្តសញ្ញាណ ឬទីតាំងនៃមេដឹកនាំរបស់ក្រុម Conti និង៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការចាប់ខ្លួន ជនទាំងឡាយដែលគប់គិតជាមួយ ក្រុមហែគឃើរុស្ស៉ីមួយនេះ។ យោងតាមទីភ្នាក់ងារអាមេរិក FBI សរុបមានជនរងគ្រោះច្រើនជាង១,០០០នាក់ បានបាត់បង់ថវិកាសរុប ១៥០លានដុល្លារ ក្នុងសកម្មភាពគំរាមកំហែងយកប្រាក់ របស់ក្រុម Conti។

គួរបញ្ជាក់ថា បើតាម FBI កាលពីឆ្នាំ២០២១ ក្រុម Conti នៅពីក្រោយសកម្មភាពវាយប្រហារព័ត៌មានវិទ្យា លើបណ្តាញមន្ទីរពេទ្យ និងបណ្តាញក្រុមភ្នាក់ងារឆ្លើយតបបន្ទាន់ចំនួន១៦ នៅក្នុងសហរដ្ឋអាមេរិក។ រីឯកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហែគឃើនេះ ធ្លាប់បានព្រមានថា នឹងធ្វើសកម្មភាពវាយប្រហារលើ សត្រូវទាំងឡាយរបស់វិមានក្រឹមឡាំង ប្រសិនបើពួកគេហ៊ានឆ្លើយតបចំពោះ ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕