(វ៉ាស៉ីនតោន)៖ ក្រុមមេដឹកនាំនៃប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ក្នុងនោះរួមមានទាំងលោក ចូ បៃដិន ផងដែរ នឹងបើកកិច្ចពិភាក្សា តាមប្រព័ន្ធវីដេអូ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាមួយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ដើម្បីបង្ហាញពីការសាមគ្គីភាព គឺមួយថ្ងៃមុនពេល រុស្ស៉ីប្រារព្ធខួបនៃទិវាជ័យជម្នះរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

យោងតាមសេតវិមាន កិច្ចពិភាក្សាខាងលើនឹងផ្តោតសំខាន់ចំពោះ ការវិវឌ្ឍស្ថានការណ៍ចុងក្រោយ នៃសង្រ្គាមនៅអ៊ុយក្រែន, កិច្ចប្រឹងប្រែងដើម្បីជួយអ៊ុយក្រែន, និងមធ្យោបាយដើម្បីបង្ហាញពីសាមគ្គីភាពរបស់ G7 ក្នុងការឆ្លើយតបចំពោះរុស្ស៉ី។ ជំនួបតាមប្រព័ន្ធអនឡាញ រវាងមេដឹកនាំ G7 ដែលរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា និងអ៉ីតាលី ជាមួយលោក ហ្សេលេនស្គី នឹងប្រព្រឹត្តទៅ នៅវេលាព្រឹកថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា ពេលវេលានៃការរៀបចំជំនួបខាងលើ អាចចាត់ទុកថា មានអត្ថន័យសំខាន់ ដោយសារវានឹងកើតឡើងតែ១ថ្ងៃប៉ុណ្ណោះ មុនរុស្ស៉ីប្រារព្ធទិវាជ័យជម្នះសម័យសង្រ្គាមលោកលើកទីពីរ «៩ ឧសភា»។ នាឱកាសនោះ លោក ពូទីន ត្រូវគេរំពឹងថា អាចនឹងធ្វើសេចក្តីប្រកាសពិសេសមួយ ពាក់ព័ន្ធនឹងស្ថានការណ៍អ៊ុយក្រែន៕