(តៃប៉ិ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានបញ្ជូនយន្តហោះយោធាសរុបចំនួន ១៨គ្រឿង រួមមានទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ចូលមកកាន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់ ដែលញ៉ាំឱ្យដែនកោះនេះ ចល័តក្រុមយន្តហោះចម្បាំងរបស់ខ្លួន ចេញទៅស្កាត់ក្រុមយន្តហោះយោធាចិន ហើយដាក់ពង្រាយប្រព័ន្ធមីស៉ីលការពារអាកាស ដើម្បីតាមដានសកម្មភាពយន្តហោះទាំងនោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

តៃវ៉ាន់តែងតែរិះគន់ជានិច្ច ចំពោះសកម្មភាពជាដដែលៗនេះ របស់យន្តហោះយោធាចិន ខណៈក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ វាបានក្លាយជារឿងកើតឡើងជាប្រចាំទៅហើយ។ ទីក្រុងប៉េកាំងបានអះអាងថា សកម្មភាពនេះ គឺជាបេសកកម្មដើម្បីការពារ អធិបតេយ្យភាពរបស់ប្រទេសចិន និងដើម្បីទប់ទល់ការគប់គិតរបស់តៃវ៉ាន់ជាមួយកម្លាំងបរទេស គឺចង់សំដៅលើការគាំទ្ររបស់ សហរដ្ឋអាមេរិកចំពោះទីក្រុងតៃប៉ិ។

គួរបញ្ជាក់ថា ចំនួនយន្តហោះយោធាចិន ១៨គ្រឿង ដែលចល័តចូលទៅកាន់តំបន់ ADIZ របស់តៃវ៉ាន់ កាលពីថ្ងៃសុក្រ គឺជាចំនួនច្រើនជាងគេទី២ ក្នុងឆ្នាំនេះ បន្ទាប់ពីការចល័តយន្តហោះចិនចំនួន៣៩គ្រឿង កាលពីថ្ងៃទី២៣ ខែមករា។ បច្ចុប្បន្ន តៃវ៉ាន់ក៏កំពុងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារតែក្តីបារម្ភថា ចិនអាចប្រើប្រាស់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ដើម្បីធ្វើសកម្មភាពស្រដៀងគ្នាមកលើដែនកោះនេះ ដែលត្រូវទីក្រុងប៉េកាំង ចាត់ទុកត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន៕