(ឡាហាវ៉ាន់)៖ ករណីផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅសណ្ឋាគារល្បីឈ្មោះមួយកន្លែង ក្នុងតំបន់ទីប្រជុំជននៃទីក្រុងឡាហាវ៉ាន់ (Havana) របស់ប្រទេសគុយបា នៅថ្ងៃសុក្រសប្តាហ៍នេះ។ វាបានបង្កការខូចខាតយ៉ាងដំណំ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច២៥នាក់ និងបង្កឱ្យរបួសលើសពី ៧០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

ថ្លែងចេញពីកន្លែងកើតហេតុ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់ ខានែល (Miguel Diaz-Canel) បាននិយាយថា ហេតុការណ៍ផ្ទុះនោះ បានកើតឡើងដោយសារការលេចធ្លាយហ្កាស មិនមែនជាករណីបំផ្ទុះគ្រាប់បែក ឬវាយប្រហារណាមួយឡើយ ពោលវាជាឧបទ្ទវហេតុគួរឱ្យសោកស្តាយមួយ។

គួរបញ្ជាក់ថា នៅពេលកើតហេតុ គឺសណ្ឋាគារខាងលើ មិនស្ថិតក្នុងការបើកដំណើរការឡើយ ហើយមានតែបុគ្គលិកប៉ុណ្ណោះ ដែលមានវត្តមាន។ តាមពិតសណ្ឋាគារដែលមាន៩៦បន្ទប់នោះ ត្រូវបានគ្រោងនឹងបើកទ្វារឡើងវិញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទៅហើយ ខណៈក្រុមបុគ្គលិក បានធ្វើការត្រៀមរៀបចំចុងក្រោយ៕