(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានចុះហត្ថលេខាលើ កញ្ចប់ជំនួយសព្វាវុធថ្មីមួយទៀត គិតជាទឹកប្រាក់១៥០លានដុល្លារ សម្រាប់អ៊ុយក្រែន នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលក្នុងនោះរួមមានការផ្តល់គ្រាប់កាំភ្លើងធំ, រ៉ាដា និងបរិក្ខារផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២។

លោក បៃដិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងបន្តការគាំទ្រយ៉ាងរឹងមាំរបស់យើង សម្រាប់ប្រជាជនដ៏អង់អាចនៅអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូដើម្បីការពារប្រទេសពួកគេ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី»។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយសព្វាវុធ គិតជាទឹកប្រាក់សរុបស្មើនឹង ៣.៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ខណៈអាវុធទាំងនោះ រួមមានទាំងកាំភ្លើងធំ, ប្រព័ន្ធ ស្ទីងចឺ (Stinger) សម្រាប់ប្រឆាំងយន្តហោះ, ប្រព័ន្ធ ចាវេលីន (Javelin) សម្រាប់ប្រឆាំងរថក្រោះ, គ្រាប់រំសេវផ្សេងៗ ហើយនិងដ្រូនហៅថា ហ្វីនិច ហ្គោស (Phoenix Ghost)។

កញ្ចប់ជំនួយថ្មីខាងលើ នឹងបានមកពីថវិកាចំនួន២៥០លានដុល្លារ នៅសល់ក្នុងសិទ្ធិពិសេសរបស់ប្រធានាធិបតីអាមេរិក ដែលអនុញ្ញាតឱ្យរូបលោក អាចចេញបញ្ជាឱ្យមានការផ្ទេរសព្វាវុធដែលលើស ចេញពីស្តុកអាវុធរបស់យោធាអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់សភាឡើយ ដើម្បីឆ្លើយតបក្នុងករណីបន្ទាន់។

គួរបញ្ជាក់ថា កាលពីខែមេសា លោក បៃដិន បានស្នើសុំកញ្ចប់ជំនួយបន្ថែមទំហំ ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះជាង២០ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយយោធា។ សំណើនេះចាំបាច់ត្រូវមានការអនុម័តពីសភាអាមេរិក ខណៈថ្នាក់ដឹកនាំនៅសភាតំណាងរាស្រ្តនិងព្រឹទ្ធសភា បាននិយាយថា ពួកគេចង់ធ្វើសកម្មភាពឆាប់ៗចំពោះសំណើរបស់លោក បៃដិន ប៉ុន្តែមិនបានប្រាប់ថា ការបោះឆ្នោតសម្រេចនឹងកើតឡើងនៅពេលណា ឱ្យប្រាកដឡើយ៕