(ហុងគ្រី)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា ការហាមប្រាមការនាំចូលទាំងស្រុងរបស់ EU លើប្រេងរុស្ស៊ី គឺប្រៀបដូចជាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើសេដ្ឋកិច្ចរបស់ប្រទេសរបស់លោកដូច្នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២។

មេដឹកនាំរូបនេះក៏បាននិយាយថា លោកចង់ឱ្យ EU ផ្តល់ពេលឱ្យហុងគ្រីរយៈពេលប្រាំឆ្នាំដើម្បីផ្តាច់ខ្លួនចេញពីប្រេងរុស្ស៊ី ខណៈនាពេលបច្ចុប្បន្ន ប្លុកនេះកំពុងផ្តល់ការលើកលែងដល់ប្រទេសហុងគ្រី និងស្លូវ៉ាគីតែរយៈពេលមួយឆ្នាំប៉ុណ្ណោះ។

លោក Orban បានបន្តទៀតថា ការពឹងផ្អែករបស់ប្រទេសហុងគ្រីលើបំពង់បង្ហូរប្រេងមានន័យថា វានឹងចាំបាច់ត្រូវធ្វើការបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីងាកចេញពីប្រេងរបស់រុស្ស៊ី។

គួរបញ្ជាក់ថា ហុងគ្រីបានក្លាយទៅជាឧបសគ្គដ៏សំខាន់នៅក្នុងផែនការរបស់សហភាពអឺរ៉ុប ក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដោយការហាមឃាត់ទាំងស្រុងនូវការនាំចូលប្រេងពីប្រទេសនេះ។ សេចក្តីសម្រេចណាមួយរបស់ប្លុកនេះ ចាំបាច់ត្រូវតែត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយប្រទេសសមាជិកទាំង២៧ប្រទេស៕