(ស្លូវ៉ាគី)៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បាននិយាយនៅថ្ងៃសុក្រនេះថា អាល្លឺម៉ង់នឹងប្រគល់កាំភ្លើងធំបាញ់ស្វ័យប្រវត្តិចំនួន ៧ គ្រឿងទៅកាន់អ៊ុយក្រែន បន្ថែមពីលើប្រព័ន្ធកាំភ្លើងធំចំនួន ៥ ដែលរដ្ឋាភិបាលហូឡង់បានសន្យារួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២។

ប្រទេសអាល្លឺម៉ង់បានផ្លាស់ប្តូរគោលនយោបាយដ៏យូរអង្វែងរបស់ខ្លួនដែលមិនបញ្ជូនអាវុធធុនធ្ងន់ចូលទៅក្នុងតំបន់សង្រ្គាមកាលពីសប្តាហ៍មុន បន្ទាប់ពីមានសម្ពាធទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។

លោកស្រី Lambrecht បានប្រាប់អ្នកសារព័ត៌មានថា សព្វាវុធធុនធ្ងន់ទាំងនោះនឹងត្រូវដឹកចេញពីឃ្លាំងស្តុករបស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ហើយនឹងត្រូវដឹកជញ្ជូនភ្លាមៗនៅពេលដែលវា ត្រូវបានត្រួតពិនិត្យរួចរាល់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ទីក្រុងប៊ែកឡាំងក៏នឹងផ្គត់ផ្គង់កញ្ចប់គ្រាប់រំសេវដំបូងសម្រាប់កាំភ្លើងធំដែលផលិតដោយក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ KMW ផងដែរ ជាមួយនឹងការទិញគ្រាប់រំសេវលើកក្រោយ នឹងត្រូវគ្រប់គ្រងដោយផ្ទាល់រវាងទីក្រុងកៀវ និងក្រុមហ៊ុន៕