(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣,៨១៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៦៧៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ២៩២ករណី និងខេត្ត Vĩnh Phúc ២០៣ករណី។

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ វៀតណាមក៏បានរកករណីអ្នកស្លាប់ថ្មីចំនួន ៦នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៧០,៥៧០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣១៦,២៣៧នាក់ និងស្លាប់សរុបចំនួន ៤៣,០៥៥នាក់៕