(ប៉េកាំង)៖ វែបសាយក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍នៅពេលថ្មីៗនេះ ដោយមួលបង្កាច់មន្ត្រី និងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់ភាគីចិន ដែលបានឃោសនាបំប៉ោងពី «ព័ត៌មានក្លែងក្លាយ» ក្នុងបញ្ហាអ៊ុយក្រែនរបស់ភាគីរុស្ស៊ី ដើម្បីធ្វើឱ្យសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន មានលក្ខណៈសមហេតុផល។

បើសិនជាមើលសេចក្តីថ្លែងការណ៍នេះដោយលម្អិត បានឃើញថា វាពោរពេញទៅដោយពាក្យកុហក គឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ ការសំដែងឆាកល្ខោនដ៏អាក្រក់ស្តីពី «ចោរស្រែកចាប់ចោរ» របស់ភាគីអាមេរិក បានបព្ជាក់ថា វាគឺជាម៉ាស៊ីនបង្កើតពាក្យកុហកដ៏ធំបំផុត។

ក្នុងអ្វីដែលហៅថាសេចក្តីថ្លែងការណ៍នេះ បទឧក្រិដ្ឋដែលភាគីអាមេរិកបានដាក់អោយភាគីចិន តាមពិតទៅ គឺជាសេចក្តីរាយការណ៍ អំពីការពិតឫការវិភាគប្រកបដោយវិចារណញ្ញាណ ដែលភាគីចិនបានរាយការណ៍ពីភាគីអាមេរិក។ ឧទាហរណ៍ ក្នុងសេចក្តីថ្លែងការណ៍ អាមេរិកបានចោទប្រកាន់ភាគីចិនថា បានផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» របស់ភាគីរុស្ស៊ី ស្តីពីអាមេរិកមានបន្ទប់ពិសោធន៍ជីវសាស្ត្រក្នុងដែនអ៊ុយក្រែន។ ការពិត គឺភាគីអាមេរិកបានទទួលស្គាល់ចំណុចនេះ ជាយូរមកហើយ។

នៅខែវិច្ឆិកា ឆ្នាំ២០២១ ឯកសារការងារដែលអាមេរិកបានប្រគល់ឱ្យ មហាសន្និបាតប្រទេសហត្ថលេខី អនុសញ្ញាហាមឃាត់ប្រើប្រាស់អាវុធជីវសាស្រ្ត បានទទួលស្គាល់ថាអាមេរិកមានសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាគម្រោងសហប្រតិបត្តិការដូចជាបន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន២៦កន្លែង នៅអ៊ុយក្រែនជាដើម។ នៅខែមីនាឆ្នាំ២០២២ ឯកសារអំពីការពិតដែលប្រកាសដោយ ក្រសួងការពារជាតិអាមេរិកបានបង្ហាញថា អាមេរិកមានសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាគម្រោងសហប្រតិបត្តិការចំនួន៤៦កន្លែង នៅអ៊ុយក្រែន។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកស្រី Nuland អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ដោយផ្ទាល់មាត់ក្នុងសវនាការរបស់ព្រឹទ្ធសភាអាមេរិកថា អាមេរិកពិតជាមានសំណង់ហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន។ ឫមួយក៏អ្វីទាំងនេះជាព័ត៌មានក្លែងក្លាយដែរ?

តាំងពីការប៉ះទង្គិចអ៊ុយក្រែនកើតឡើងកន្លងមក ការវាយប្រហារចំពោះប្រទេសចិន ដោយព័ត៌មានក្លែងក្លាយរបស់ភាគីអាមេរិក មិនដែលបញ្ឈប់ទេ។ ពីអ្វីដែលហៅថា ភាគីចិនបានដឹងព័ត៌មានទុកជាមុន បើកដៃអោយភាគីរុស្ស៊ីដោយលួចលាក់ រហូតដល់ការជួយរុស្ស៊ីបញ្ចៀសពីទណ្ឌកម្ម ផ្តល់ការគាំទ្រយោធាជាដើម ភាគីអាមេរិកបានប្រឌិតពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង ដើម្បីលាបពណ៌ប្រទេសចិន ប៉ុន្តែត្រូវបានលាតត្រដាងដោយការពិតទាំងអស់។

ពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានចិនបានចេញផ្សាយអត្ថបទវែង ដែលមានអក្សរជិត១ម៉ឺន៥ពាន់ដែលមានចំណងជើងថា «ពាក្យសម្តីខុសទំនង» ពាក់ព័ន្ធចិនរបស់ភាគីអាមេរិកលើបញ្ហាអ៊ុយក្រែន ដែលបានប្រើការពិតនិងទិន្នន័យដ៏ជាក់លាក់ ធ្វើការវិភាគយ៉ាងហ្មត់ចត់ចំពោះពាក្យសម្តីខុសទំនង ពាក់ព័ន្ធចិនគ្រប់បែបយ៉ាងដែលភាគីអាមេរិកបានផ្សព្វផ្សាយ។ តើអ្នកណាកំពុងបង្កើតពាក្យចចាមអារ៉ាម និងលាបពណ៌លើអ្នកដទៃ ដើម្បីបំភាន់ភ្នែកមនុស្ស? អ្នកដែលគ្មានគំនិតលំអៀងគ្រប់រូប សុទ្ធតែអាចមានចម្លើយ។

ពាក្យកុហកមិនអាចបិទបាំងការពិតបានទេ។ ក្នុងបញ្ហាអ៊ុយក្រែន គោលជំហដ៏យុត្តិធម៌ និងតួនាទីដ៏មានលក្ខណៈស្ថាបនា របស់ភាគីចិន បានទទួលការកោតសរសើរពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាអ្នកបង្ករឿងមុនគេនៃវិបត្តិអ៊ុយក្រែន កេរ្តិ៍ឈ្មោះដែលជា «ប្រទេសប៉ិនកុហក» របស់អាមេរិកបានល្បីសុះសាយ ហើយវាបានបាត់បង់ទំនុកចិត្ត ពីពិភពលោកទាំងមួលរួចទៅហើយ។ រាល់ការវាយប្រហារ និងលាបពណ៌ប្រទេសចិនទាំងឡាយ វាសុទ្ធតែបានបញ្ជាក់ពីទង្វើអាក្រក់ដែលខ្លួនបានធ្វើ៕