(ប៉េកាំង)៖ ថ្ងៃទី៥ ខែឧសភា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋបាលនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានរៀបចំកិច្ចប្រជុំ ដើម្បីវិភាគស្ថានការណ៍បង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ពេលបច្ចុប្បន្ន សិក្សាស្រាវជ្រាវនិងរៀបចំចាត់ចែងការងារសំខាន់ ក្នុងការបង្ការនិងគ្រប់គ្រងជំងឹកូវីដ១៩។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំបានគូសបញ្ជាក់ថា ចាប់តាំងពីជំងឺកូវីដ១៩ផ្ទុះឡើងមក ប្រទេសចិនបានប្រកាន់ខ្ជាប់នូវ គោលការណ៍តម្កល់ប្រជាជនជាអាទិភាពនិងអាយុជីវិតជាអាទិភាព និងបានកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជាបន្តបន្ទាប់ទៅតាមស្ថានការណ៍ ហើយទទួលបានសមិទ្ធផលជាយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។ ការអនុវត្តជាក់ស្តែងបានបង្ហាញថា គោលនយោបាយបង្ការនិងគ្រប់គ្រងរបស់ចិន អាចឈរលើការសាកល្បងប្រវត្តិសាស្ត្រ ហើយវិធានការបង្ការនិងគ្រប់គ្រងរបស់ចិន គឺមានលក្ខណៈវិទ្យាសាស្ត្រនិងមានប្រសិទ្ធភាព។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ការរីករាលដាលនៃជំងឺកូវីដ១៩ នៅពិភពលោក នៅតែស្ថិតក្នុងកម្រិតខ្ពស់ វីរុសនៅតែបំប្លែងជាបន្តបន្ទាប់ ហើយនៅតែមានភាពមិនប្រាកដប្រជាយ៉ាងខ្លាំង អំពីទិសដៅចុងក្រោយ នៃការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រទេសចិនគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើន មានមនុស្សវ័យចំណាស់ច្រើន ការអភិវឌ្ឍក្នុងតំបន់គ្មានតុល្យភាព ធនធានវេជ្ជសាស្ត្រមិនគ្រប់គ្រាន់ ការសម្រាកបង្ការនិងគ្រប់គ្រងមុខជានឹង នាំឱ្យមានការឆ្លងទ្រង់ទ្រាយធំ និងមានករណីធ្ងន់ធ្ងរនិងករណីស្លាប់ជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សុវត្ថិភាពនិងសុខាភាពរបស់ប្រជាជននឹងរងផលប៉ះពាល់យ៉ាងខ្លាំង។

កិច្ចប្រជុំបានចង្អុលបង្ហាញថា ការតស៊ូគឺជាជ័យជំនះ។ ពេលបច្ចុប្បន្ន ការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ កំពុងស្ថិតក្នុងដំណាក់កាលប្រៀបដូចជាការ «អុំទូកបញ្ច្រាសទឹក បើមិនទៅមុខគឺថយក្រោយ»។ គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងទំនុកចិត្ត យល់ឱ្យបានស៊ីជម្រៅអំពីភាពស្មុគស្មាញ និងភាពលំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្ស សាងរបាំងការពារនិងគ្រប់គ្រងជំងឺកូវីដ១៩ យ៉ាងរឹងមាំនិងពង្រឹងសមិទ្ធផលដ៏លំបាក នៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ យ៉ាងមុតមាំ៕