(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យដឹងថា អាជ្ញាធរនៅហ៊្វីជីបានរឹបអូស កប៉ាល់ប្រណីតតម្លៃ ៣០០លានដុល្លារ របស់មហាសេដ្ឋីរុស្ស៉ី លោក ស៊ូឡីម៉ាន់ ខេរីម៉ូវ (Suleiman Kerimov) តាមសំណើរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការនៅប្រទេសហ៊្វីជី បានចេញសេចក្តីសម្រេចថា សហរដ្ឋអាមេរិកអាចរឹបអូស កប៉ាល់ប្រណីតខាងលើ ឈ្មោះថា អាម៉ាដេ (Amadea) ដែលបានទៅដល់ហ៊្វីជី កាលពីខែមេសាកន្លងទៅ ក្រោយធ្វើដំណើររយៈពេល១៨ថ្ងៃ ឆ្លងកាត់មហាសមុទ្រប៉ាស៉ីហ្វិក ពីប្រទេសម៉ិកស៉ិក។

គួរបញ្ជាក់ថា អាជ្ញាធរនៅក្នុងប្រទេសផ្សេងៗ បាននាំគ្នារឹបអូសកប៉ាល់និងភូមិគ្រឹះប្រណីតៗ ដែលជាកម្មសិទ្ធិរបស់ក្រុមមហាសេដ្ឋីរុស្ស៉ី ដើម្បីឆ្លើយតបចំពោះទណ្ឌកម្ម ដែលត្រូវបានដាក់ទៅលើប្រទេសរុស្ស៉ី ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន៕