(សេអ៊ូល)៖ ក្រុមមន្រ្តីរបស់ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បាននិយាយនៅថ្ងៃសុក្រនេះថា អនុប្រធានាធិបតីចិន លោក វ៉ាង គីសាន (Wang Qishan) គ្រោងនឹងមកចូលរួមពិធីចូលកាន់តំណែងជាផ្លូវការរបស់លោក Yoon នាសប្តាហ៍ក្រោយនេះ ខណៈដែលទីក្រុងប៉េកាំង ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២។

ផែនការចូលរួមរបស់លោក Wang ត្រូវបានប្រកាសស្របពេលដែល លោក Yoon ប្តេជ្ញាពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ចំពោះមុខការប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយទីក្រុងវ៉ាស៊ីនតោនក៏កំពុងព្យាយាមទប់ស្កាត់ការកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង ដោយការបញ្ជូនមន្រ្តីសំខាន់ៗរបស់ខ្លួន ទៅកាន់ទីក្រុងសេអ៊ូល នៅសប្តាហ៍នេះដែរ។

គួរបញ្ជាក់ថា លោក Yoon ចូលកាន់តំណែង ចំពេលដែលមានបញ្ហាប្រឈមជាច្រើន ដោយមុនស្បថចូលកាន់តំណែងជាផ្លូវការ ប្រទេសកូរ៉េខាងជើង ទើបតែធ្វើការសាកល្បងអាវុធរបស់ខ្លួន ខណៈដែលមេដឹកនាំកូរ៉េខាងជើងបេ្តជ្ញាអភិវឌ្ឍន៍កងកម្លាំងនុយក្លេអ៊ែរ ឲ្យបានលឿនបំផុត៕