(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឱ្យដឹងថា ត្រឹមពេលនេះ អ៊ុយក្រែនទទួលបានថវិកាចំនួន ៤.៥ពាន់លានអឺរ៉ូ ស្មើនឹង៤.៧៣ពាន់លានដុល្លារ ក្នុងទម្រង់ជាជំនួយហិរញ្ញវត្ថអន្តរជាតិ គិតតាំងពីការចាប់ផ្តើម នៃសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ អ៊ុយក្រែនទទួលបានជំនួយចំនួន ៥០០លានដុល្លារ ពីធនាគារពិភពលោក។ លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន ក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រទាំងនេះ ហើយថាវានឹងជួយប្រទេសលោក បន្តរក្សានូវអត្ថប្រយោជន៍នានាសម្រាប់សង្គម បានពេញលេញដដែល ព្រមទាំងផ្តល់ឱកាសដើម្បីបង្កើតកម្មវិធីទំនុកបម្រុងថ្មីៗផងដែរ។

គួរបញ្ជាក់ថា ជាមួយគ្នានេះ បើតាមលោក Shmyhal រដ្ឋាភិបាលអ៊ុយក្រែន ក៏បានចាប់ផ្តើមវេទិកាមួយ ដែលនឹងជួយដល់ការរៃអង្គាសមូលនិធិ សម្រាប់កិច្ចប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្រោយចប់សង្រ្គាមថែមទៀតផង៕