(ស៉ីដនី)៖ ការិយាល័យសារព័ត៌មានរបស់ក្រសួងការបរទេសអូស្ត្រាលី នៅថ្ងៃពុធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងនឹងសមាជិកសភា៧៥រូប មកពីប្រទេសរុស្ស៉ី និងមន្ត្រី៣២រូប មកពីតំបន់ ដូណេត (Donetsk) និងលូហាន់ (Lugansk) ជុំវិញស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍ខាងលើ ក្នុងចំណោមមន្ត្រីដែលជាប់ ក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលអូស្រ្តាលី រួមមានសមាជិកសភាចំនួន ៧៥នាក់ មកពីសភាជាន់ទាបរុស្ស៉ី (Duma) ក៏ដូចជារដ្ឋមន្ត្រីចំនួន២០នាក់ មកពីតំបន់ Donetsk និងរដ្ឋមន្ត្រីចំនួន ១២នាក់ទៀតមកពីតំបន់ Lugansk។ បញ្ជីទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី ក៏បានដាក់បញ្ចូលអ្នកសារព័ត៌មាន រុស្ស៉ីលោក Vladimir Solovyov ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ អូស្ត្រាលីបានដាក់ទណ្ឌកម្មលើពលរដ្ឋរុស្ស៉ី និងបេឡារុសសរុបជាង ៧០០នាក់ហើយ រួមទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) ព្រមទាំងរដ្ឋមន្ត្រីជាន់ខ្ពស់មួយចំនួននៃប្រទេសទាំងពីរផងដែរ៕