(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រត្រូវបានបញ្ជូនទៅកាន់តំបន់កសិកម្ម ជុំវិញប្រទេស ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហាររយៈពេលយូរ។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិធានការកែលម្អស្ថានភាពស្បៀងអាហារដ៏តានតឹង ដែលបង្កឡើងដោយជំងឺ COVID-19 និងព្យុះទីហ្វុង ទោះបីជាមានការកែលម្អបន្តិចបន្តួចរួចហើយកាលពីដើមឆ្នាំមុនក៏ដោយ។ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់បានបង្កការគំរាមកំហែង តាមរដូវកាលដល់កូរ៉េខាងជើង ដែលកំពុងខ្វះខាតប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយគួបផ្សំគ្រោះធម្មជាតិធ្ងន់ធ្ងរអាចធ្វើឱ្យសេដ្ឋកិច្ច របស់ប្រទេសដែលកំពុងតែមានភាពអាប់អួ រួចហើយ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្ម ជាសកលរយៈពេលវែងកាន់តែយ៉ាប់យ៉ឺនថែមទៀត។

ជុំវិញបញ្ហានេះ ការសែត រ៉ូដុង ស៉ីនម៉ុន (Rodong Sinmun) បានគូសបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្របានចូលរួម ជាមួយកសិករទូទាំងប្រទេស ក្នុងការចែកចាយឧបករណ៍បូមទឹក និងការអភិវឌ្ឍធនធានទឹកនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុតដោយគ្រោះរាំងស្ងួត។

រហូតមកដល់ពេលនេះ កូរ៉េខាងជើង មិនបានបញ្ជាក់អំពីការខូចខាតណាមួយនោះទេ ប៉ុន្តែបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនោះ មានគោលបំណងដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដែលអាចកើតមាន នាពេលខាងមុខ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សយរដ្ឋកូរ៉េខាងជើង KCNA អាជ្ញាធរអាកាសធាតុកូរ៉េខាងជើង កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានពីអាកាសធាតុស្ងួត រយៈពេល យូរអង្វែងនៅទូទាំងប្រទេស រហូតដល់ដើមសប្តាហ៍ក្រោយនេះ៕