(ស៊ីដនី)៖ តុលាការរបស់ប្រទេសហ្វីជី បានសម្រេចនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកអាចរឹបអូសនាវាប្រណីត ដែលគ្រប់គ្រងដោយជនជាតិរុស្ស៊ី បាន ក្នុងរយៈពេល ២១ថ្ងៃ ក្រោយមកដល់កំពង់ផែ ហើយត្រូវបានប៉ូលិសឃាត់ទុក ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបង្កើនការដាក់សម្ពាធលើ រុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

បើតាមអាជ្ញាធរអាមេរិក, នាវាដ៏ប្រណីត ឈ្មោះ អាម៉ាដៀ (Amadea) គឺជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី លោក ស៊ូឡេម៉ាន់ គឺរីម៉ូវ (Suleiman Kerimov) បានរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយខាងក្រសួងយុត្តិធម៌អាមេរិក កំពុងផ្តោតលើការរឹបអូសនាវាប្រណីត ឬទ្រព្យសម្បត្តិប្រណីតៗ ផ្សេងទៀតរបស់មហាសេដ្ឋីរុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

តុលាការកំពូល របស់ប្រទេសហ្វីជី បានសម្រេចអនុញ្ញាតឱ្យមានការរឹបអូសនាវា Amadea នេះ ហើយបទបញ្ជានេះត្រូវបានដាក់ចេញ ក្រោយពីមានសំណើររបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នាវា Amadea បានមកដល់ប្រទេសហ្វីជី កាលពីខែមេសាកន្លងទៅ បន្ទាប់ពីការធ្វើដំណើររយៈពេល១៨ ថ្ងៃ ពីប្រទេសម៉ិកស៊ិក ដោយឆ្លងកាត់ មហាសមុទ្រប៉ាស៊ីហ្វិក។ ជុំវិញព័ត៌មាននេះ ក្រុមមេធាវីតំណាងឲ្យម្ចាស់នាវានេះ មិនបានឆ្លើយតបទៅនឹងសំណើរសុំធ្វើការអត្ថាធិប្បាយបស់ Reuters ទេ៕