(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលមិនទាន់ស្គាល់ប្រភេទមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ សមុទ្រភាគខាងកើតរបស់ខ្លួន មួយសប្តាហ៍បន្ទាប់ពីលោក គីម ជុងអ៊ុនប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លែអ៊ែររបស់ខ្លួនឲ្យបានឆាប់បំផុត។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

នេះអាចជាការបាញ់សាកល្បងមីស៊ីលជាលើកទី១៤ របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចូលកាន់តំណែង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ តែព័ត៌មានលម្អិត ថាតើពីការធ្វើតេស្ដអាវុធនៅថ្ងៃពុធនេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ខណៈឆ្មាំសមុទ្រជប៉ុនថាវាអាចជាមីស៊ីលផ្លោង។

គួរបញ្ជាក់ថា អំឡុងពេលត្រួតពិនិត្យព្យុហយាត្រាយោធាដ៏ធំ កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងពន្លឿន ការអភិវឌ្ឍន៍ឃ្លាំងអាវុធនុយក្លែអ៊ែររបស់ខ្លួន ចំពោះមុខភាពជាប់គាំងនៃកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក៕