(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាអ៊ុយក្រែនអាចនឹងយកឈ្នះរុស្ស៊ីបាន ហើយលាតត្រដាងនូវកំហុសដ៏ធំនៃការលុកលុយរបស់វិមានក្រឹមឡាំង ខណៈលោកផ្ទាល់បានរំឮកដល់អតីតមេដឹកនាំសម័យសង្រ្គាមរបស់ចក្រភពអង់គ្លេស លោក វីនតុន ឈឺចឈីល (Winston Churchill) ដើម្បីជាការបញ្ជាក់ពីការគំាទ្ររបស់លោកដល់ទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាននៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងឋានៈជាមេដឹកនាំនៃប្រទេសលោកខាងលិចដំបូងគេ ដែលបានថ្លែងសារទៅកាន់សភាអ៊ុយក្រែន លោក Johnson បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានសារមួយសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃនេះ នោះគឺអ៊ុយក្រែននឹងឈ្នះ, អ៊ុយក្រែននឹងមានសេរីភាព»។ លោកបន្ថែមថា «វាគឺជាពេលវេលាដ៏ល្អ បំផុតរបស់អ៊ុយក្រែន ដែលនឹងត្រូវបានចងចាំ និងរំឮកឡើងវិញសម្រាប់មនុស្សជំនាន់ក្រោយៗទៀត» ហើយនេះគឺពាក្យមួយដែលលោក Churchill អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ធ្លាប់បាននិយាយកាលពីឆ្នាំ១៩៤០ ជាពេលដែលចក្រភពអង់គ្លេសប្រឈមមុខនឹងការគំរាមកំហែង នៃការឈ្លានពាន និងកម្ចាត់កងទ័ពណាហ្ស៉ីអាល្លឺម៉ង់។

គួរបញ្ជាក់ថា អង់គ្លេសបានប្រកាសផ្តល់ជំនួយយោធាចំនួន ៣៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងបរិក្ខារសង្រ្គាមអេឡិចត្រូនិក (electronic warfare) និងប្រព័ន្ធរ៉ាដាផងដែរ ខណៈលោក Johnson ត្រូវបានគេមើលឃើញថាគឺជាអ្នកគាំទ្រខ្លាំងជាងគេក្នុងចំណោមមេដឹកនាំនៃ ប្រទេសលោកខាងលិចផ្សេងទៀត ចំពោះភាពក្លាហានរបស់អ៊ុយក្រែនប្រឆាំងរុស្ស៉ី៕