(កូឡុំបូ)៖ គណបក្សប្រឆាំងស្រីលង្កា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចេញសេចក្តីប្រកាសមួយដោយទាមទារឱ្យធ្វើការបោះឆ្នោតដកសេចក្ដីទុកចិត្តពី នាយករដ្ឋមន្ត្រីស្រីលង្កា លោក ម៉ាហ៉ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) និងគណៈរដ្ឋមន្រ្តីរបស់លោក។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

មន្ត្រីមួយក្រុមមកពីគណបក្ស United People's Force ដឹកនាំដោយលោក សាជីត ប្រេម៉ាដាសា (Sajith Premadasa) បានប្រគល់ញ្ញតិ្តទាមទារឱ្យ មានការរៀបចំការបោះឆ្នោតដកសេចក្ដីទុកចិត្ត ទៅកាន់ប្រធានសភាស្រីលង្កា លោក ម៉ាហ៊ីនដា យ៉ាប៉ា អាបីវ៉ាដេណា (Mahinda Yapa Abeywardena)។

ចំណាត់ការនេះបានកើតឡើងចំពេលមានការតវ៉ាទូទាំងប្រទេសទាមទារឱ្យលោក Mahinda Rajapaksa និងប្អូនប្រុសរបស់លោក គឺប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ចុះចេញពីតំណែង។

ការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងសភា ត្រូវការសំឡេងភាគច្រើនពីសមាជិកសភាចំនួន ២២៥រូប ដើម្បីដកលោក Mahinda Rajapaksa និងគណៈរដ្ឋមន្ត្រីរបស់លោកចេញពីអំណាច។ គណបក្ស United People’s Force មាននៅក្នុងដៃតែ ៥៤សំឡេងប៉ុណ្ណោះ ប៉ុន្តែសង្ឃឹមថា នឹងទទួលបានសំឡេងបន្ថែមពីគណបក្សប្រឆាំងតូចៗ និងក្រុមសមាជិកសភាមួយចំនួនដែលបានដកខ្លួនចេញពីគណបក្ស SriLanka People’s Front ដែលកំពុងកាន់អំណាច។

គណបក្សដែលកំពុងកាន់អំណាចមានសំឡេងគាំទ្រជិត ១៥០សំឡេង ប៉ុន្តែវាបានធ្លាក់ចុះចំពេលមានវិបត្តិសេដ្ឋកិច្ច ហើយការដកខ្លួនពីសំណាក់ សមាជិកសភាមួយចំនួនពីបក្សកាន់អំណាច ត្រូវបានគេរំពឹងថាការបោះឆ្នោតដកសេចក្ដីទុកចិត្តអាចនឹងធ្វើទៅបាន។

គួរបញ្ជាក់ថា ការសម្រេចចិត្តអំពីពេលវេលាដែលត្រូវធ្វើការបោះឆ្នោតដកសេចក្ដីទុកចិត្ត ត្រូវបានគេរំពឹងថានឹងកំណត់ បន្ទាប់ពីសមាជិកសភាចាប់ ផ្តើមប្រជុំនៅថ្ងៃពុធសប្ដាហ៍នេះ៕