(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថាពួកគេមិនបានរកឃើញថាចិនបានផ្ដល់ជំនួយសេដ្ឋកិច្ច និងយោធាដល់រុស្ស៉ី នោះទេ ដែលនេះជាការវិវត្តមួយដ៏គួរឱ្យស្វាគមន៍ ក្នុងកាលៈទេសៈដ៏លំបាកនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើដដែល បានបញ្ជាក់ថាក្នុងរយៈពេល ២ខែមកនេះបន្ទាប់ពីមាន ការព្រមានថាចិនអាចនឹងផ្ដល់ជំនួយដល់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ពួកគេនៅតែមានការបារម្ភពីការគំាទ្រដ៏យូរអង្វែងរបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងមូស្គូ។ ប៉ុន្តែ ការផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដែលពួកគេបារម្ភមិនបានកើតឡើងនោះទេ។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រុមមន្ត្រីអាមេរិក កើតមានឡើង នៅចំពេលលោកប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមបំពេញដំណើរ ទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅក្នុងខែឧសភានេះ ហើយដែលរបៀបវារៈសំខាន់របស់លោកនឹងផ្ដោតលើការទប់ទល់ការកើនឡើងឥទ្ធិពល ចិននៅក្នុងតំបន់៕