(យូអិន)៖ សហរដ្ឋអាមេរិកចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតកំលុងខែឧសភានេះ ជុំវិញការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលបាលិស្ទីគ ឡើងវិញ។ នេះបើតាមលោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Thomas-Greenfield អគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានបញ្ជាក់ដូច្នេះថា «វាជា ផែនការរបស់យើងដែលចង់ឱ្យមានការបោះឆ្នោតលើដំណោះស្រាយកំលុងខែឧសភានេះ...យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះ ស្ថានភាពបច្ចុប្បន្ន ហើយវាជាក្ដីសង្ឃឹមរបស់យើងដែលចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ រួបរួមគ្នាថ្កោលទោសសកម្មភាពទាំងនោះ របស់កូរ៉េខាងជើង»

សហរដ្ឋអាមេរិកបានបញ្ជូនសេចក្ដីព្រាងដំណោះស្រាយទៅកាន់សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN កាលពីខែមេសាកន្លងទៅ ដោយស្នើឱ្យមានការហាមឃាត់លើថ្នាំជក់ និងកាត់បន្ថយការនាំចេញប្រេងក្នុងទំហំពាក់កណ្ដាលទៅកាន់កូរ៉េខាងជើង ហើយក៏បានបញ្ចូល ក្រុម Hacker មានឈ្មោះថា Lazarus ទៅក្នុងបញ្ជីខ្មៅផងដែរ។ ប៉ុន្តែ រុស្ស៉ី និងចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើងហាក់ដូចជាបង្ហាញជំហរ ជំទាស់ទៅនឹងការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងរួចទៅហើយ សម្រាប់ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីបកាលពីខែមីនា ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។

ដើម្បីអាចអនុម័តដំណោះស្រាយមួយនៃក្រុមប្រឹក្សាសន្តិសុខ, គេចាំបាច់ត្រូវការសំឡេងគាំទ្រ ឬ Yes ពីសមាជិកចំនួន ៩ប្រទេស ដោយ មិនមានការបោះឆ្នោតវេតូពីសំណាក់រុស្ស៉ី, ចិន, បារាំង, អង់គ្លេស ឬសហរដ្ឋអាមេរិកឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ក្នុងគោលបំណងកាត់ផ្ដាច់ហិរញ្ញវត្ថុកុំឱ្យ ទីក្រុងព្យុងយ៉ាង យកទៅអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ កូរ៉េខាងជើងនៅតែអាចគេចផុតពីទណ្ឌកម្មទាំងនោះ ហើយត្រូវបានគេ រាយការណ៍ថាកាន់តែមានការរីកចម្រើនទៅមុខលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ៕