(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពី ទណ្ឌកម្មសេដ្ឋកិច្ចសងសឹក ជាការឆ្លើយតបទៅនឹង «សកម្មភាពមិនរាក់ទាក់របស់រដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួន»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។

ក្រឹត្យនេះមានន័យថា បុគ្គលឬអង្គភាពណាមួយក្រោមទណ្ឌកម្មរបស់រុស្ស៊ីនេះ នឹងមិនអាចធ្វើពាណិជ្ជកម្មបានទៀតទេនៅក្នុងប្រទេសរុស្ស៊ី ឬទទួលបានអត្ថប្រយោជន៍ពីការនាំចេញរបស់រុស្ស៉ីទៀតឡើយ។

យោងតាមក្រឹត្យនេះដែរ រដ្ឋាភិបាលរុស្ស៊ីមានពេល ១០ថ្ងៃដើម្បីចងក្រងបញ្ជីបុគ្គល និងក្រុមហ៊ុនបរទេសដែលត្រូវដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់លក្ខណៈវិនិច្ឆ័យបន្ថែម សម្រាប់ប្រតិបត្តិការមួយចំនួនដែលអាចប្រឈមនឹងការរឹតបន្តឹង៕