(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានចោទប្រកាន់អ៊ីស្រាអែលពីការគាំទ្រពួកណាស៊ីថ្មី (neo-Nazis) នៅក្នុងប្រទេសអ៊ុយក្រែន ដែលប្រការនេះកាន់តែបង្កើនជម្លោះដែលបានចាប់ផ្តើម នៅពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអះអាងថា Adolf Hitler មានដើមកំណើតជាជនជាតិជ្វីហ្វ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានថ្កោលទោសលោក Lavrov ជុំវិញការលើកឡើងថា Adolf Hitler មានដើមកំណើតជាជនជាតិជ្វីហ្វ ដោយសង្កត់ធ្ងន់ថា ការអះអាងបែបនេះគឺមិនអាចអត់ទោសបានទេ។

គួរបញ្ជាក់ថា ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដែលថា Hitler មានដើមកំណើតជាជនជាតិជ្វីហ្វនោះ គឺធ្វើឡើងក្នុងន័យពន្យល់ថា វាមិនមែនជារឿងហួសចិត្តអ្វីទេ នៅពេលរុស្ស៉ីចង់បោសសម្អាតក្រុមនិយមរបបណាស៊ីចេញពីប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ជាជនជាតិជ្វីហ្វនោះ ថ្បិតថាសូម្បី Adolf Hitler ក៏មានដើមកំណើតជាជនជាតិជ្វីហ្វដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yar Rapid គឺ «ប្រឆាំងនឹងប្រវត្តិសាស្ត្រ» និងបានពន្យល់យ៉ាងច្បាស់ថា ហេតុអ្វីបានជារដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នគាំទ្ររបប neo-Nazi នៅទីក្រុងកៀវ។

ទីក្រុងមូស្គូបានរំលឹកឡើងវិញនូវទស្សនៈរបស់លោក Lavrov ដែលថា ពូជពង្សជនជាតិជ្វីហ្វរបស់ លោក Zelensky មិនបានរារាំងអ៊ុយក្រែនពីការគ្រប់គ្រងដោយពួកនិយមណាស៊ីថ្មី (neo-Nazi) នោះទេ៕