(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,៧០៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៧១១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ២៤២ករណី និងខេត្ត Yên Bái ១៤៧ករណី។

ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃអង្គារនេះវៀតណាមពុំមានករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ទេ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៥៩,៣៥៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,២៦៧,២៨១នាក់ និងស្លាប់សរុបចំនួន ៤៣,០៤៤នាក់៕