(កូប៉ិនហាក)៖ មន្ត្រីសុខាភិបាលរបស់ប្រទេសដាណឺម៉ាក បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា វ៉ាក់សាំងកូវីដ ១៩ ចំនួនជាង១.១លានដូស នឹងត្រូវបោះចោលក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែពួកវាជិតផុតកំណត់ប្រើប្រាស់ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែង ក្នុងការបរិច្ចាគវ៉ាក់សាំងទាំងនេះ ទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍បានបរាជ័យ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Al-Jazeera នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

បើតាមវិទ្យាស្ថានស្រាវជ្រាវ និងបង្ការជំងឺឆ្លង SSI របស់ប្រទេសដាណឺម៉ាក, ការរាតត្បាតនៅក្នុងប្រទេសប៉ែកខាងជើងអឺរ៉ុបមួយនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងបាន ហើយការវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងចំណោមប្រជាជនដាណឺម៉ាក គឺមានអត្រាខ្ពស់ថែមទៀត ដោយប្រហែល៨១ភាគរយ នៃប្រជាជនចំនួន៥.៨លាននាក់ បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនពីរដូសរួចរាល់ ខណៈដែលជិត៦២ភាគរយ បានទទួលការចាក់ដូសជំរុញ។

វិទ្យាស្ថាន SSI បានបន្ថែមថា «ឥឡូវនេះយើងមានការប្រឈមជាសកលចំពោះ កិច្ចការបរិច្ចាគវ៉ាក់សាំងកូវីដ ១៩ ដោយសារតែការផ្គត់ផ្គង់វ៉ាក់សាំង មានលើសពីតម្រូវការ ខណៈដែលដាណឺម៉ាកបានបរិច្ចាគវ៉ាក់សាំងចំនួន ៩លានដូសរួចហើយ និងកំពុងបន្តសហការជាមួយ បណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត ដើម្បីស្វែងរកប្រទេសដែលនឹងទទួលយកវ៉ាក់សាំង ដែលនៅសល់នេះ»

គួរបញ្ជាក់ថា ដោយសារការថយចុះនៃតម្រូវការ, កង្វះសមត្ថភាព និងឆន្ទៈក្នុងការចាក់វ៉ាក់សាំង នៅប្រទេសកំពុងអភិវឌ្ឍន៍, វាជាបញ្ហាលំបាកមួយ សម្រាប់ដាណឺម៉ាក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដើម្បីស្វែងរកប្រទេស ដែលចង់ទទួលយកវ៉ាក់សាំង ដែលលើសពីតម្រូវការទាំងនេះ៕