(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអង្គារនេះបានឱ្យដឹងថាយោធារបស់ខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតនៅ ក្បែរទីក្រុងអូដេសា (Odesa) នៃភាគនិរតីប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលដែលបានកម្ទេចយន្ដហោះដ្រូន, មីស៊ីល និងគ្រាប់រំសេវដែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបផ្ដល់ឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ដូច្នេះថា «មីស៊ីលអូនីស (Onyx) បានវាយប្រហារលើមជ្ឈមណ្ឌល ភស្ដុភារមួយកន្លែង នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងអូដេសា ជាទីដែលអាវុធបរទេសត្រូវបានប្រគល់ (ឱ្យអ៊ុយក្រែន) និងបានបំផ្លាញ យន្ដហោះដ្រូន បេរ៉ាក់តា ធីប៊ីធូ (Bayraktar TB2) ព្រមទាំងមីស៊ីល និងគ្រាប់រំសេវជាច្រើនដែលផ្ដល់ដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប»។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី, យោធារុស្ស៉ីក៏បាញ់មីស៊ីល និងកាំភ្លើងធំលើគោលដៅយោធាជាច្រើនទីតាំង ក្នុងប្រទេស អ៊ុយក្រែនផងដែរ ក្នុងនោះរួមមានទាំងទីបញ្ជាការកណ្ដាល, ឃ្លាំងអាវុធ និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300៕